បងប្អូនកសិករ ដីដែលមានសំណើម គឺជាបេះដូងនៃកសិកម្មជោគជ័យ។ នៅពេលដីមានទឹកគ្រប់គ្រាន់ វាជួយឱ្យឫសដំណាំដុះលូតលាស់រឹងមាំ រុក្ខជាតិមានសុខភាពល្អ និងបង្កើនទិន្នផល ឱ្យកាន់តែខ្ពស់។ អត្ថបទនេះនឹងបង្ហាញពីវិធីសាមញ្ញៗ តែមានប្រសិទ្ធភាពចំនួនបីដើម្បីជួយដីរបស់បងប្អូនឱ្យរក្សាជាតិទឹកបានយូរ។

១. ការប្រើចំបើង ឬស្លឹកឈើស្ងួតគ្របដី
នេះជាវិធីសាស្ត្រគ្របដីដោយប្រើកាកសំណល់សរីរាង្គ។ ការគ្របដីដើរតួដូចជាខែលការពារដ៏រឹងមាំដែលជួយ៖
- កាត់បន្ថយការហួត៖ វាបិទជិតសំណើមមិនឱ្យហួតទៅលើ។
- រក្សាសីតុណ្ហភាពដី៖ វាជួយឱ្យដីត្រជាក់ មិនឱ្យកម្ដៅថ្ងៃខ្លាំងបុកមកលើដីដោយផ្ទាល់។ វិធីនេះអាចកាត់បន្ថយការបាត់បង់ទឹកពីដីបានរហូតដល់ ៧០%។
២. ការដាក់ជីកំប៉ុស្តជាប្រចាំ
ជីកំប៉ុស្តមិនត្រឹមតែជាជីជាតិសម្រាប់ដំណាំប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាអ្នកកែប្រែសាច់ដីដ៏ពូកែផងដែរ។ ការដាក់ជីកំប៉ុស្តជួយ៖
- កែលម្អរចនាសម្ព័ន្ធដី៖ ធ្វើឱ្យដីធូរ និងមានរន្ធខ្យល់។
- បង្កើនសមត្ថភាពទប់ទឹក៖ វាជួយឱ្យដីបឺតជាតិទឹកបានកាន់តែច្រើន។ វិធីនេះជួយឱ្យដីរក្សាជាតិទឹកបានច្រើនជាងមុន ៤ ទៅ ៥ ដង។

៣. បច្ចេកទេសស្រោចស្រពឆ្លាតវៃ
ការស្រោចស្រពដោយប្រើកម្លាំងបាយមិនមែនជាវិធីសាស្ត្រល្អឡើយ។ បងប្អូនគួរងាកមកប្រើវិធីសាស្ត្រឆ្លាតវៃដូចជា៖
- ការស្រោចស្រពដោយប្រព័ន្ធដំណក់ទឹក៖ វាជួយឱ្យទឹកធ្លាក់ចំឫសដំណាំដោយផ្ទាល់។
- ពេលវេលាស្រោចស្រព៖ គួរស្រោចនៅព្រលឹមស្រាងៗ ឬនៅពេលល្ងាច ដើម្បីកាត់បន្ថយការហួតបាត់ក្នុងអំឡុងពេលថ្ងៃក្តៅ។ វិធីនេះជួយបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ទឹកបាន ៣០-៥០% ឬច្រើនជាងនេះ។
អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានបញ្ជាក់យ៉ាងច្បាស់ថា ការប្រើប្រាស់ចំបើងគ្របដី (Mulching) និងការប្រើប្រាស់ប្រព័ន្ធស្រោចស្រពដំណក់ទឹក (Drip Irrigation) គឺជាគន្លឹះដ៏សំខាន់ក្នុងការកាត់បន្ថយការចំណាយលើថ្លៃទឹក និងថាមពល ព្រមទាំងជួយឱ្យដំណាំមានភាពធន់នឹងអាកាសធាតុក្តៅខ្លាំង។
ចំណែកក្រសួងកសិកម្មតែងតែលើកទឹកចិត្តឱ្យកសិករប្រើប្រាស់ជីជាតិសរីរាង្គ (កំប៉ុស្ត) ដើម្បីស្តារជីជាតិដីឡើងវិញ និងជួយឱ្យដីរក្សាសំណើមបានយូរអង្វែង ដែលវាជាការវិនិយោគដ៏មានប្រសិទ្ធភាពសម្រាប់ទិន្នផលកសិកម្ម។
វិធីសាស្ត្រទាំង ៣ នេះមើលទៅគ្រាន់ជាជំហានតូចតាច ប៉ុន្តែវាអាចធ្វើឲ្យដំណាំបងប្អូនមានពណ៌បៃតងស្រស់បំព្រង។ ដើម្បីទទួលបានលទ្ធផលល្អបំផុត បងប្អូនគួររួមបញ្ចូលវិធីសាស្ត្រទាំង ៣ នេះចូលគ្នាដើម្បីឱ្យដីរបស់បងប្អូនមានសំណើមជាអចិន្ត្រៃយ៍៕
ដោយ៖ ចាន់ តារា
ប្រភព៖ FAO /ឯកសារក្រសួងកសិកម្ម / Seed IQ
