ក្រៅពី​ជី និង​ទឹក​ រចនាសម្ព័ន្ធដី​កាន់តែ​សំខាន់​សម្រាប់​ដំណាំ​

នៅពេលនិយាយពីការដាំដុះ កសិករនិងអ្នកថែសួនភាគច្រើនតែងតែផ្តោតការយកចិត្តទុកដាក់ទៅលើការផ្តល់ជី និងការស្រោចទឹក។ ប៉ុន្តែ កត្តាដ៏សំខាន់មួយដែលជារឿយៗត្រូវបានគេមើលរំលង គឺរចនាសម្ព័ន្ធរូបវន្តរបស់ដី ជាពិសេសគឺរន្ធខ្យល់ក្នុងដី​។ យោងតាមការស្រាវជ្រាវ និងប្រភពពីអ្នកជំនាញកសិកម្ម NSW Department of Primary Industries និង Helicon បញ្ហា ដីហាប់ណែនគឺជាឃាតកលាក់មុខដែលធ្វើឱ្យទិន្នផលដំណាំធ្លាក់ចុះ។

១. តើអ្វីទៅជារន្ធខ្យល់ក្នុងដី?

ដីដែលមានសុខភាពល្អ និងមានជីជាតិ មិនមែនជាដុំដីដែលតាន់ ឬណែនតឹងទាំងស្រុងនោះទេ។ តាមការពិត ដីល្អជាទូទៅមានផ្ទុកនូវលំហទទេប្រមាណ ៥០% នៃមាឌដីសរុប ដែលលំហទាំងនោះត្រូវបានគេហៅថារន្ធខ្យល់ក្នុងដី។ រន្ធខ្យល់ទាំងនេះដើរតួនាទីយ៉ាងសំខាន់ពីរយ៉ាង៖

  • ស្តុកទុកទឹក៖ រន្ធតូចៗជួយរក្សាទុកសំណើម ដើម្បីឱ្យឫសរុក្ខជាតិអាចស្រូបយកបាន។
  • ផ្តល់ខ្យល់ (អុកស៊ីសែន)៖ រន្ធធំៗអនុញ្ញាតឱ្យខ្យល់ចេញចូល ដែលជួយឱ្យឫសរុក្ខជាតិ ក្នុងដីអាចដកដង្ហើមបាន។

២. អ្វីទៅជាការហាប់ណែននៃដី?

ការហាប់ណែននៃដី កើតឡើងនៅពេលដែលភាគល្អិតនៃដីត្រូវបានសង្កត់បញ្ចូលគ្នាទៅវិញទៅមកយ៉ាងតឹងណែន ដែលធ្វើឱ្យរន្ធខ្យល់នៅក្នុងដីរួមតូច ឬបាត់បង់ទាំងស្រុង។ កត្តាចម្បងដែលបង្កឱ្យដីហាប់ណែនរួមមាន៖

  • ការប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ (ត្រាក់ទ័រ) ម៉ាស៊ីនច្រូតកាត់ នៅលើដី។
  • ការភ្ជួររាស់ ឬធ្វើការលើដីនៅពេលដែលដីកំពុងសើមខ្លាំងពេក។
  • ការជាន់ដោយសត្វពាហនៈ (គោ ក្របី) ជាប្រចាំនៅលើដីដដែលៗ។

៣. ហេតុអ្វីបានជាដីហាប់ណែន ធ្វើឱ្យដំណាំមិនលូតលាស់?

នៅពេលដែលដីបាត់បង់រន្ធខ្យល់ វានឹងបង្កើតជាឧបសគ្គធំៗចំនួន ៣ ដល់ការលូតលាស់របស់រុក្ខជាតិ៖

  • កង្វះអុកស៊ីសែនសម្រាប់ឫសឫសដំណាំ៖ ដូចមនុស្សយើងដែរ ឫសរុក្ខជាតិត្រូវការអុកស៊ីសែនដើម្បីរស់។ នៅពេលដីហាប់ណែន ខ្យល់មិនអាចជ្រាបចូលបាន ធ្វើឱ្យឫសឈប់លូតលាស់ ហើយអាចរលួយប្រសិនបើដីនោះសើមជាប្រចាំ។
  • រារាំងការលូតលាស់របស់ប្រព័ន្ធឫស៖ ដីដែលណែនប្រៀបដូចជាជញ្ជាំងរឹង។ ឫសរុក្ខជាតិមិនមានកម្លាំងគ្រប់គ្រាន់ក្នុងការចាក់ទម្លុះដីដែលរឹងពេកនោះទេ។ ជាលទ្ធផល ដំណាំមានប្រព័ន្ធឫសរាក់ៗ មិនអាចស្វែងរកទាញយកសារធាតុចិញ្ចឹម និងទឹកពីស្រទាប់ដីខាងក្រោមបានឡើយ ធ្វើឱ្យវាខ្សោយ និងងាយងាប់នៅរដូវប្រាំង។
  • បញ្ហាការជ្រាបទឹក៖ នៅពេលគ្មានរន្ធខ្យល់ ទឹកភ្លៀង ឬទឹកដែលយើងស្រោច មិនអាចជ្រាបចុះទៅក្រោមបានទេ។ វានឹងហូរច្រោះយកជីជាតិពីផ្ទៃខាងលើចោល ឬដក់ជាថ្លុកនៅលើផ្ទៃដី ដែលអាចបណ្តាលឱ្យជំងឺផ្សិតវាយប្រហារលើឫស។

៤. សញ្ញាបញ្ជាក់ថាដីរបស់អ្នកកំពុងប្រឈមនឹងការហាប់ណែន

យោងតាមប្រភពពី Helicon និងបទពិសោធន៍កសិកម្ម ការសង្កេតមើលសញ្ញាខាងក្រោមអាចប្រាប់អ្នកពីស្ថានភាពដីបាន៖

  • ទឹកដក់យូរមិនងាយស្រក៖ ក្រោយពេលភ្លៀងធ្លាក់ ឬស្រោចទឹក ប្រសិនបើទឹកនៅដក់ជាថ្លុកយូរម៉ោង ឬយូរថ្ងៃ វាសបញ្ជាក់ថាទឹកមិនអាចជ្រាបចុះក្រោមបានទេ។
  • ដំណាំលូតលាស់មិនស្មើគ្នា ឬមានពណ៌លឿង៖ ដោយសារឫសមិនអាចស្រូបយកជីជាតិ និងខ្វះខ្យល់ដកដង្ហើម។
  • ដីរឹង និងបែកក្រហែង៖ នៅពេលស្ងួត ដីប្រែជារឹងដូចថ្ម ហើយពិបាកក្នុងការយកចបជីក ឬភ្ជួរ។
  • ឫសរុក្ខជាតិវៀច ឬដុះខុសទិសដៅ៖ ប្រសិនបើអ្នកដកដំណាំឡើង ហើយសង្កេតឃើញឫសកែវរបស់វាវៀចកោង ឬរីកដុះតែនៅស្រទាប់ខាងលើ វាជាសញ្ញានៃការប៉ះទង្គិចនឹងស្រទាប់ដីរឹងនៅខាងក្រោម។

រន្ធខ្យល់ក្នុងដី គឺជាដង្ហើម និងជាប្រភពទឹកនៃដំណាំ។ ការយល់ដឹងពីគ្រោះថ្នាក់នៃដីហាប់ណែន ជួយឱ្យយើងអាចផ្លាស់ប្តូរទម្លាប់ក្នុងការគ្រប់គ្រងដី ដូចជាការចៀសវាងការភ្ជួររាស់ពេលដីសើមពេក ការបន្ថែមជីកំប៉ុស ដើម្បីជួយបង្កើនរចនាសម្ព័ន្ធដី និងការដាំដំណាំគម្របដី ដែលមានឫសចាក់ជ្រៅដើម្បីជួយបំបែកដីរឹងដោយធម្មជាតិ។ ការថែរក្សាដីឱ្យធូរ មានខ្យល់ចេញចូលល្អ គឺជាគន្លឹះឆ្ពោះទៅរកទិន្នផលកសិកម្មដ៏សម្បូរបែប៕

ដោយ៖ សែន តុលា
ប្រភព៖ NSW /Helicon