ចង់​ចិញ្ចឹម​មាន់​ឱ្យ​បាន​ជោគជ័យ​​កសិករ​​គួរ​​​ត្រៀម​ខ្លួន​លើ​ចំណុច​ទាំង​នេះ​

ការចិញ្ចឹមមាន់អាចជាមុខរបរមួយដែលអាច​រក​ផល​ចំណេញ​បាន​ ប៉ុន្តែភាពជោគជ័យមិនមែនកើតឡើងដោយចៃដន្យនោះទេ វាទាមទារនូវការរៀបចំផែនការឱ្យបានច្បាស់លាស់។ ខាងក្រោមនេះគឺជាកត្តាសំខាន់ៗមួយចំនួនដែលបងប្អូនកសិករត្រូវពិចារណាឱ្យបានហ្មត់ចត់មុននឹងចាប់ផ្តើមរបរ​នេះ​។​

១. កំណត់គោលបំណង និងការជ្រើសរើសពូជ

មុនដំបូង បងប្អូនត្រូវសម្រេចចិត្តថាចង់ផលិតអ្វី ថា​យើង​ចង់​ចិញ្ចឹម​​មាន់ផលិតពង ឬ​មាន់​ផលិត​​សាច់ ឬ​មាន់​យក​ទាំង​សាច់ និង​ពង​។ ការជ្រើសរើសពូជត្រូវផ្អែកលើលក្ខខណ្ឌអាកាសធាតុ អត្រាកំណើន និងប្រសិទ្ធភាពនៃការស៊ីចំណី។

២. ការវិនិយោគដើមទុន និងទីតាំង

  • ដើមទុន៖ បងប្អូនត្រូវរៀបចំថវិកាសម្រាប់សាងសង់ទ្រុង ទិញកូនមាន់ ឧបករណ៍ចំណីទឹក វ៉ាក់សាំង និងកម្លាំងពលកម្ម។ មួយ​ទៀត​យើង​ត្រូវត្រៀមថវិកាបម្រុងសម្រាប់ចំណាយដែលមិនបានរំពឹងទុក ជាពិសេសការឡើងថ្លៃនៃចំណី។
  • ទីតាំង៖ ជ្រើសរើសតំបន់ដែលមិនលិចទឹក មានខ្យល់ចេញចូលល្អ និងនៅឆ្ងាយពីលំនៅឋាន ដើម្បីកាត់បន្ថយក្លិន និងការឆ្លងជំងឺ។

៣. ការរៀបចំទ្រុង និងប្រព័ន្ធចិញ្ចឹម

ទ្រុងត្រូវតែអាចការពារសត្វចង្រៃបាន មានខ្យល់ចេញចូលល្អ និងងាយស្រួលសម្អាតសម្លាប់មេរោគ។ កសិករ​យើង​ក៏​ត្រូវធានាថាមានកន្លែងគ្រប់គ្រាន់សម្រាប់មាន់ ដើម្បីចៀសវាងការចិញ្ចឹមចង្អៀតពេក

៤. ចំណី និងការថែទាំសុខភាព

  • ចំណី៖ ការចំណាយលើចំណីមានប្រហែល ៦០-៧០% នៃចំណាយសរុប។ ត្រូវផ្តល់ចំណីដែលមានគុណភាព មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងមានទឹកស្អាតឱ្យមាន់ផឹកជានិច្ច។ បងប្អូនអាចបន្ថែមបន្លែបៃតងដូចជា ស្លឹកម្រុំ ឬស្លឹកល្ពៅ ដើម្បីជាអាហារបំប៉ន។
  • ជីវសុវត្ថិភាព៖ ត្រូវចាក់វ៉ាក់សាំងឱ្យទៀងទាត់ កំណត់ចំនួនអ្នកចូលទស្សនាទ្រុង សម្អាតឧបករណ៍ និងញែកមាន់ឈឺចេញភ្លាមៗ។ ជំងឺដូចជាជំងឺ​ដង្កោ​កាច់​ (Newcastle) អាចបំផ្លាញហ្វូងមាន់ទាំងមូលប្រសិនបើមិនបានគ្រប់គ្រងល្អ។

៥. ការគ្រប់គ្រង និងទីផ្សារ

  • ទីផ្សារ៖ សួរខ្លួនឯងថាតើអ្នកណាជាអ្នកទិញ?។ ទីផ្សារដែលអាចទុកចិត្តបានមានដូចជា ផ្សារមូលដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន និងអតិថិជនផ្ទាល់ខ្លួន។
  • ការគ្រប់គ្រង៖ កសិករត្រូវយល់ពីការថែទាំមាន់ ការតាមដានប្រចាំថ្ងៃ (ការស៊ីចំណី ការសម្អាត និងការពិនិត្យសុខភាព)។ ការគ្រប់គ្រងខ្សោយ ស្មើនឹងការខាតបង់។
  • ការកត់ត្រា៖ ត្រូវតាមដានការស៊ីចំណី អត្រាងាប់​ ការផលិតពង និងចំណូលចំណាយ ដើម្បីវាស់វែងប្រាក់ចំណេញ និងធ្វើការសម្រេចចិត្តឱ្យកាន់តែប្រសើរ។

ចំណុចចុង​ក្រោយ សូមពិនិត្យមើលច្បាប់ស្តីពីការចុះបញ្ជីអាជីវកម្ម និងគោលការណ៍ណែនាំផ្នែកបរិស្ថាននៅក្នុងមូលដ្ឋានរបស់បងប្អូនផងដែរ។ តើបងប្អូនមានផែនការចង់ចាប់ផ្តើមចិញ្ចឹមមាន់ប្រភេទណាដែរ៕

ដោយ៖ ចាន់ តារា
ប្រភព៖ Vets India / Agriculture Institute