សម្រាប់របរចិញ្ចឹមមាន់ ការចំណាយលើចំណីអាចកើនឡើងរហូតដល់៧០% នៃចំណាយសរុប។ ប្រសិនបើបងប្អូនមិនអាចគ្រប់គ្រងការចំណាយលើចំណីឱ្យបានល្អទេ វានឹងប៉ះពាល់ដល់ប្រាក់ចំណេញរបស់យើងជាក់ជាមិនខាន។ គោលដៅសំខាន់មិនមែនគ្រាន់តែឱ្យមាន់ស៊ីឆ្អែតនោះទេ ប៉ុន្តែត្រូវផ្តល់ចំណីឱ្យវាដោយភាពឆ្លាតវៃ។
ខាងក្រោមនេះគឺជាវិធីសាស្ត្រដែលបានឆ្លងកាត់ការអនុវត្តជាក់ស្តែងចំនួន៧ ចំណុច ដើម្បីកាត់បន្ថយការចំណាយលើចំណី ដោយមិនប៉ះពាល់ដល់ការលូតលាស់របស់មាន់។

១. ទិញចំណីក្នុងបរិមាណច្រើន
ការទិញចំណីក្នុងបរិមាណច្រើន ឬទិញយកមកស្តុកទុក តែងតែមានតម្លៃធូរថ្លៃជាងការទិញរាយតិចតួច។ វាមិនត្រឹមតែជួយឱ្យយើងចំណេញថវិកាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារពីការប្រែប្រួលឡើងថ្លៃនៃទីផ្សារ និងសន្សំសំចៃពេលវេលាដឹកជញ្ជូនផងដែរ។
២. កាត់បន្ថយការខ្ជះខ្ជាយចំណី
យើងត្រូវប្រាកដថាបានប្រើប្រាស់ស្នូកចំណីត្រឹមត្រូវ និងមានលក្ខណៈបច្ចេកទេស។ កុំដាក់ចំណីឱ្យហៀរពេក ដែលអាចធ្វើឱ្យមាន់កាយកំពប់ចេញក្រៅ។ ក្រៅពីនេះ ត្រូវរក្សាទុកចំណីឱ្យបានស្ងួតល្អ ដើម្បីកុំឱ្យខូចគុណភាព ឬផ្អូមដែលនាំឱ្យខាតបង់ប្រាក់កាស។
៣. អនុវត្តប្រព័ន្ធចិញ្ចឹមបែបលែង
ការលែងមាន់ឱ្យរកចំណីដោយខ្លួនឯងនៅតាមវាលស្មៅ ជួយឱ្យពួកវាអាចរកស៊ីសត្វល្អិត និងរុក្ខជាតិបៃតងបន្ថែម (លែងចេញក្រៅដោយមានពេលកំណត់)។ វិធីនេះជួយកាត់បន្ថយការប្រើប្រាស់ចំណីដែលទិញពីផ្សារបានច្រើន ហើយថែមទាំងជួយឱ្យសាច់មាន់មានរសជាតិឆ្ងាញ់ និងស៊ុតមានគុណភាពខ្ពស់ទៀតផង។
៤. ប្រើប្រាស់វត្ថុធាតុដើមដែលមានស្រាប់ក្នុងស្រុក
យើងអាចកាត់បន្ថយថ្លៃដើមបានយ៉ាងច្រើន ដោយការលាយចំណីខ្លួនឯងដោយប្រើវត្ថុធាតុដើមក្នុងតំបន់ដូចជា ពោត ដំឡូងមី ឬកាកសំណល់បន្លែផ្សេងៗ។ វាជាជម្រើសដ៏ល្អសម្រាប់កសិដ្ឋានខ្នាតតូចដែលចង់បង្កើនប្រាក់ចំណេញ។

៥. បន្ថែមប្រភពប្រូតេអ៊ីនធម្មជាតិ
ប្រូតេអ៊ីនគឺជាសារធាតុចាំបាច់សម្រាប់ការលូតលាស់។យើងអាចបន្ថែមប្រភពប្រូតេអ៊ីនដែលមានតម្លៃទាប ឬមិនអស់លុយដូចជា ដង្កូវ ជន្លេន ឬសត្វល្អិតផ្សេងៗ។ ការធ្វើបែបនេះជួយឱ្យមាន់ធំធាត់លឿន ដោយមិនចាំបាច់ពឹងផ្អែកទាំងស្រុងលើចំណីសម្រេចដែលមានតម្លៃថ្លៃ។
៦. ផ្តល់ចំណីឱ្យចំពេល
ការកំណត់ពេលវេលាផ្តល់ចំណីឱ្យបានច្បាស់លាស់ (ដូចជាពេលព្រឹក និងពេលល្ងាច) ជួយឱ្យមាន់ស៊ីចំណីបានអស់ល្អ និងកាត់បន្ថយការស៊ីច្រើនជ្រុលដែលនាំឱ្យខ្ជះខ្ជាយ។ វាក៏ជួយឱ្យប្រព័ន្ធរំលាយអាហាររបស់មាន់ដំណើរការបានកាន់តែមានប្រសិទ្ធភាព។
៧. ការទុកដាក់ចំណីឱ្យបានត្រឹមត្រូវ
យើងត្រូវរក្សាទុកចំណីនៅក្នុងកន្លែងដែលគ្មានសំណើម ដើម្បីការពារកុំឱ្យមានដុះផ្សិត ឬខូចគុណភាព។ ការទុកដាក់មិនបានល្អ មិនត្រឹមតែធ្វើឱ្យអ្នកខាតបង់ចំណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កជាជំងឺដល់មាន់ទៀតផង។
ការកាត់បន្ថយការចំណាយលើចំណី មិនមែនមានន័យថាបង្អត់អាហារមាន់នោះទេ ប៉ុន្តែវាគឺជាការគ្រប់គ្រង និងផ្តល់ចំណីដោយភាពឆ្លាតវៃ ដើម្បីទទួលបានទិន្នផល និងប្រាក់ចំណេញខ្ពស់បំផុត៕
ដោយ៖ សែន តុលា
ប្រភព៖ Farming Tech & Business / dol-sensors
