ជំងឺច្រែះលើដំណាំ៖ កុំរង់ចាំរហូតដល់ដំណាំ​ជ្រុះស្លឹកទើបដោះស្រាយ

ជំងឺច្រែះគឺជាប្រភេទ​ជំងឺផ្សិតដ៏គ្រោះថ្នាក់បំផុតមួយសម្រាប់ដំណាំហូបផ្លែ។ កសិករជាច្រើនយល់ច្រឡំថាជំងឺនេះចាប់ផ្តើមនៅពេលឃើញស្លឹកដំណាំ​ជ្រុះ ប៉ុន្តែតាមការពិត នៅពេលដែលបងប្អូនឃើញស្លឹកជ្រុះ មេរោគបានចាក់ឫសយ៉ាងរឹងមាំនៅក្នុងចម្ការរួចទៅហើយ។ ការការពារដំណាំឱ្យបានជោគជ័យ ទាមទារឱ្យមានការរកឃើញ និងគ្រប់គ្រងបញ្ហាឱ្យបានទាន់ពេលវេលា​។

សញ្ញាព្រមានដំបូងដែលបងប្អូនត្រូវប្រយ័ត្ន

បងប្អូនគួរតាមដានឱ្យជាប់លាប់ចំពោះសញ្ញាទាំងនេះ៖

  • មានស្នាមអុចពណ៌លឿងតូចៗលេចឡើងនៅលើផ្ទៃស្លឹកផ្នែកខាងលើ។
  • មានម្សៅពណ៌ទឹកក្រូចដុះនៅផ្នែកខាងក្រោមនៃស្លឹកដែលឆ្លងមេរោគ។
  • ស្ថានភាពសើម សំណើមខ្ពស់ និងខ្យល់ចេញចូលមិនល្អ គឺជាកត្តាដែលធ្វើឱ្យជំងឺនេះរីករាលដាលយ៉ាងឆាប់រហ័ស។

ប្រសិនបើទុកឱ្យជំងឺនេះបន្តរីករាលដាល វានឹងបណ្តាលឱ្យស្លឹកជ្រុះមុនកំណត់ ការធ្វើរស្មីសំយោគថយចុះ ដើមដំណាំខ្សោយ និងគុណភាពផ្លែឈើធ្លាក់ចុះជាខ្លាំង

វិធីសាស្ត្រគ្រប់គ្រងជំងឺច្រែះ

ដើម្បីការពារដំណាំឱ្យបានល្អ បងប្អូនអាចអនុវត្តតាមវិធានការទាំងនេះ៖

  • ត្រួតពិនិត្យឱ្យបានទៀងទាត់៖ ពិនិត្យមើលស្លឹកចាស់ៗ និងស្លឹកនៅផ្នែកខាងក្រោម ដើម្បីរកសញ្ញាជំងឺឱ្យបានមុនគេ។
  • កាត់តម្រឹមមែក៖ រៀបចំមែក និងទម្រង់ដើមឱ្យបានត្រឹមត្រូវ ដើម្បីឱ្យខ្យល់ចេញចូលបានល្អ។
  • គ្រប់គ្រងទឹក៖ ជៀសវាងការទុកឱ្យស្លឹកសើមយូរពេក ដោយអនុវត្តការស្រោចទឹកឱ្យបានត្រឹមត្រូវ។
  • សម្អាតចម្ការ៖ កម្ចាត់ និងដុតបំផ្លាញស្លឹកដែលឆ្លងមេរោគធ្ងន់ធ្ងរ ដើម្បីកាត់បន្ថយការរីករាលដាលនៃមេរោគ។
  • តាមដានក្រោយភ្លៀង៖ ត្រូវយកចិត្តទុកដាក់ខ្ពស់លើចម្ការបន្ទាប់ពីមានភ្លៀងធ្លាក់ ឬក្នុងអំឡុងពេលអាកាសធាតុមានសំណើមខ្ពស់។
  • ប្រើថ្នាំកសិកម្មឱ្យចំគោលដៅ៖ អនុវត្តកម្មវិធីគ្រប់គ្រងជំងឺចម្រុះ និងប្រើប្រាស់ថ្នាំកម្ចាត់ផ្សិតតាមការណែនាំរបស់មន្ត្រីកសិកម្មមូលដ្ឋាន នៅពេលដែលចាំបាច់ប៉ុណ្ណោះ។

ស្លឹកដែលមានសុខភាពល្អ គឺជាកត្តាជំរុញឱ្យការធ្វើរស្មីសំយោគបានល្អ ដែលធ្វើឱ្យដើមឈើរឹងមាំ ការលូតលាស់ផ្លែល្អ និងទទួលបានទិន្នផលខ្ពស់។ សូមកុំរង់ចាំរហូតដល់ឃើញស្លឹកជ្រុះពេញចម្ការ ទើបចាប់ផ្តើមការពារ។ សូមអនុវត្តការត្រួតពិនិត្យ និងកម្ចាត់ជំងឺនៅពេលដែលស្នាមអុចពណ៌លឿងដំបូងលេចឡើង ដើម្បីធានាបាននូវជោគជ័យក្នុងរដូវប្រមូលផល៕

ដោយ៖ ចាន់ តារា
ប្រភព៖ Gulab orchard shilaroo/ FAO