ឥទ្ធិពល​អវិជ្ជមាន​មួយ​ចំនួន​នៃ​ទឹក​ភ្លៀង​លើ​ដំណាំ​បន្លែ​

ភ្លៀងគឺជាប្រភពទឹកដ៏ល្អបំផុតសម្រាប់បន្លែ​ ប៉ុន្តែបើ​ច្រើនពេក គង់​តែផ្តល់ផលអវិជ្ជមាន​ដល់​បន្លែបងប្អូន​។ នៅពេលមានភ្លៀងធ្លាក់ខ្លាំង និងជាប់ៗគ្នា បន្លែរបស់បងប្អូន​អាចប្រឈមនឹងគ្រោះថ្នាក់ជាច្រើន ដែល​ទាម​ទារ​ឲ្យ​មាន​ការយល់ដឹងលើ​ចំណុច​មួយ​ចំនួន​​ដើម្បីត្រៀមលក្ខណៈការពារ។

១. ការខូចខាតរូបរាង

ដំណក់ទឹកភ្លៀងធំៗ និងធ្លាក់មកក្នុងល្បឿនលឿន អាចប្រៀបបានទៅនឹងការវាយប្រហារដោយគ្រាប់បែកតូចៗមកលើស្លឹកបន្លែ។ វាអាចធ្វើឱ្យស្លឹកដាច់រហែក បាក់មែក ឬធ្វើឱ្យផ្កាដែលត្រៀមនឹងក្លាយជាផ្លែត្រូវជ្រុះអស់។ ចំពោះកូនដំណាំដែលទើបនឹងដុះ ភ្លៀងខ្លាំងអាចធ្វើឱ្យវាដួល ឬលាងជម្រះគ្រាប់ពូជចេញពីដីតែម្តង។

២. ការបាត់បង់សារធាតុចិញ្ចឹម និងដីហាប់

យោងតាមវិបសាយ​ She Grows Veg ភ្លៀងដែលធ្លាក់មកខ្លាំងពេកនឹងលាងជម្រះសារធាតុចិញ្ចឹមសំខាន់ៗ (ជាពិសេសអាសូត) ចេញពីស្រទាប់ដីលើ ដែលធ្វើឱ្យរុក្ខជាតិខ្វះចំណី បើទោះ​បីជាយើង​ទើបតែដាក់ជីរួចក៏ដោយ។ លើសពីនេះ កម្លាំងទឹកភ្លៀងដែលធ្លាក់​មកលើដីទទេ នឹងធ្វើឱ្យដីហាប់ខ្លាំង បិទរន្ធខ្យល់ក្នុងដីធ្វើឱ្យឫសបន្លែ​ពិបាកដកដង្ហើម។

៣. ការរលួយឫស និងការថប់ដង្ហើមរបស់រុក្ខជាតិ

នៅពេលដីដក់ទឹកយូរពេក វានឹងដេញអុកស៊ីសែនចេញពីដី។ ឫសរុក្ខជាតិត្រូវការអុកស៊ីសែនដើម្បីរស់ ប្រសិនបើគ្មានខ្យល់ ឫសនឹងចាប់ផ្តើមស្អុយរលួយ ដែលជាហេតុធ្វើឱ្យដើមបន្លែស្រពោន និងងាប់ ទោះបីជាមានទឹកច្រើនក៏ដោយ។

៤. ការរីករាលដាលនៃជំងឺផ្សិត និងសត្វល្អិត

សំណើម​ខ្លាំងគឺជាឋានសួគ៌សម្រាប់មេរោគផ្សិត។ ជំងឺដូចជា ការរលួយគល់ ការអុចស្លឹក និងជំងឺផ្កាស្អុយ តែងតែកើតមានក្រោយពេលភ្លៀងធ្លាក់ជាប់ៗគ្នា។ ក្រៅពីនេះ សត្វល្អិតដែលចូលចិត្តភាពសើមដូចជា ខ្យង និងខ្យងអត់សំបក នឹងចេញមកបំផ្លាញស្លឹកបន្លែយ៉ាងឆាប់រហ័ស។

៥. បញ្ហាលម្អងផ្កា

ទឹកភ្លៀងខ្លាំងអាចលាងជម្រះលម្អងផ្កា ឬធ្វើឱ្យលម្អងផ្កាសើមជោក ដែលធ្វើឱ្យសត្វឃ្មុំមិនអាចជួយបង្កាត់លម្អងបាន។ នេះជាមូលហេតុដែលអ្នកជួបបញ្ហាផ្កាច្រើនតែគ្មានផ្លែ​ក្នុងអំឡុងពេលភ្លៀងជោកជាំ។

វិធីការពារ និងដោះស្រាយ

ដើម្បីកាត់បន្ថយការខូចខាត អ្នកជំនាញណែនាំនូវចំណុចមួយចំនួនដូចជា៖

  • ប្រើកម្រាលការពារ៖ ការគ្របចំបើង ឬកម្ទេចស្លឹកឈើនៅលើដី ជួយបន្ធូរកម្លាំងទឹកភ្លៀងមិនឱ្យបោកចំដីផ្ទាល់ និងការពារការលាងជម្រះជីជាតិ។
  • ប្រើគម្របការពារ៖ សម្រាប់កូនបន្លែ​តូចៗ អ្នកអាចប្រើគម្របប្លាស្ទិក ឬសំណាញ់ដើម្បីបាំងកម្លាំងទឹកភ្លៀង។
  • កែលម្អប្រព័ន្ធបង្ហូរទឹក៖ ធានាថាទឹកអាចហូរចេញពីរងដំណាំ​បានលឿន ចៀសវាងការដក់ទឹកលើរង។
  • កុំដើរលើដីសើម៖ ការដើរលើដីដែលកំពុងសើមជោក នឹងធ្វើឱ្យដីកាន់តែហាប់ខ្លាំង ដែលប៉ះពាល់ដល់ឫសរុក្ខជាតិ។

ទោះបីជាយើងមិនអាចបញ្ឈប់មេឃមិនឱ្យភ្លៀងបាន ប៉ុន្តែយើងអាចត្រៀមលក្ខណៈដើម្បីការពារបន្លែរបស់យើង។ ការយល់ដឹងពីផលប៉ះពាល់ទាំងនេះ នឹងជួយឱ្យយើង​មានវិធានការទប់ស្កាត់បានទាន់ពេលវេលា និងរក្សាទិន្នផលឱ្យបានល្អ៕

ដោយ៖ សែន តុលា
ប្រភព៖ She grows veg/ PSU.Edu