ដើមដំណាំដែលមានសុខភាពល្អ មិនមែនតែងតែចុះខ្សោយដោយសារតែកង្វះជីជាតិប៉ុណ្ណោះទេ។ ក្នុងករណីជាច្រើន សញ្ញាដំបូងនៃការខូចខាតគឺបណ្តាលមកពីសត្វល្អិតបឺតជញ្ជក់ទឹករុក្ខរស ដែលពិបាកនឹងកត់សម្គាល់។ ការចេះស្គាល់ពីរោគសញ្ញាដំបូងទាំងនេះ អាចជួយឱ្យបងប្អូនកសិករការពារដំណាំបានមុនពេលដែលការបំផ្លាញរីករាលដាលខ្លាំង។

សញ្ញាទូទៅនៃការបំផ្លាញដោយសត្វល្អិតបឺតជញ្ជក់ទឹក
១. ស្លឹករួញ ឬរមូរ
ស្លឹកខ្ចី និងត្រួយខ្ចីក្លាយជារួញ រមូរ ឬខូចទ្រង់ទ្រាយ នៅពេលដែលសត្វល្អិតបឺតជញ្ជក់រុក្ខរសដំណាំ។ សត្វល្អិតទូទៅរួមមានចៃ ទ្រីប និងរុយស។ សត្វល្អិតទាំងនេះបំផ្លាញចំណុចលូតលាស់ ដែលនាំឱ្យដំណាំតឿ និងលូតលាស់មិនបានល្អ។
២. ស្នាមអុចពណ៌លឿង ឬប្រាក់
ស្នាមអុចពណ៌លឿង ស ឬប្រាក់តូចៗនៅលើស្លឹក បង្ហាញពីការបំផ្លាញដោយការស៊ីបំផ្លាញពីសំណាក់សត្វល្អិត។ រោគសញ្ញាទាំងនេះកើតឡើងពីព្រោះសត្វល្អិតទម្លុះកោសិកាដំណាំ ហើយបឺតជញ្ជក់យកសារធាតុខាងក្នុង ដែលកាត់បន្ថយសារធាតុក្លរ៉ូហ្វីល និងប៉ះពាល់ដល់ការធ្វើរស្មីសំយោគ។ សត្វល្អិតដែលអាចបង្កបញ្ហានេះរួមមានទ្រីប សត្វពីងពាងក្រហម និងរុយស។
៣. ទឹករំអិលស្អិត និងសត្វស្រមោច
ប្រសិនបើបងប្អូនសង្កេតឃើញស្លឹកស្អិត ឬមានស្រមោចច្រើនដើរលើដើមដំណាំ សូមពិនិត្យឱ្យបានដិតដល់។ចៃស និងរុយស បញ្ចេញនូវសារធាតុស្អិតដូចស្ករហៅថា «អាចម៌ជាតិផ្អែមរបស់ចៃ» ដែលទាក់ទាញស្រមោច។ ស្រមោចច្រើនតែការពារសត្វល្អិតទាំងនេះពីសត្រូវធម្មជាតិ ដែលធ្វើឱ្យការរាតត្បាតកើនឡើងយ៉ាងឆាប់រហ័ស។
ត្រូវតែពិនិត្យមើលផ្ទៃខាងក្រោមស្លឹកជានិច្ច
សត្វល្អិតចង្រៃជាច្រើនលាក់កំបាំងខ្លួននៅផ្ទៃខាងក្រោមនៃស្លឹក ដែលជាកន្លែងការពារពីពន្លឺព្រះអាទិត្យ និងសត្រូវធម្មជាតិ។ មុននឹងសង្ស័យលើបញ្ហាជីជាតិ ការខ្វះទឹក ឬកង្វះសារធាតុចិញ្ចឹម សូមពិនិត្យមើលទាំងសងខាងនៃស្លឹក និងត្រួយខ្ចីឱ្យបានហ្មត់ចត់ចំពោះវត្តមានសត្វល្អិត ពងរបស់វា ឬស្នាមបំផ្លាញ។

គន្លឹះសម្រាប់ការគ្រប់គ្រងសត្វល្អិតប្រកបដោយប្រសិទ្ធភាព
- ដើរពិនិត្យចម្ការជាប្រចាំ ជាពិសេសលើផ្នែកលូតលាស់ថ្មី។
- ប្រើប្រាស់អន្ទាក់ស្អិតពណ៌លឿង ឬពណ៌ខៀវសម្រាប់ការតាមដានតាំងពីដំបូង។
- លើកទឹកចិត្តដល់ការអភិរក្សសត្វល្អិតដែលមានប្រយោជន៍ដូចជា អណ្តើកមាសនិងសត្វមានប្រយោជន៍ផ្សេងទៀត។
- កម្ចាត់ផ្នែកដំណាំដែលមានការបំផ្លាញធ្ងន់ធ្ងរចេញ តាមដែលអាចធ្វើទៅបាន។
- ប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនៅពេលចាំបាច់ប៉ុណ្ណោះ និងប្ដូរធាតុសកម្មភាពរបស់ថ្នាំ ដើម្បីជួយកាត់បន្ថយភាពធន់របស់សត្វល្អិត។
- អនុវត្តតាមស្លាកសញ្ញាផលិតផល និងការណែនាំផ្នែកកសិកម្មក្នុងមូលដ្ឋាន ដើម្បីសុវត្ថិភាព និងប្រសិទ្ធភាព។
ការរកឃើញតាំងពីដំណាក់កាលដំបូង ជួយសង្គ្រោះដំណាំរបស់យើងបាន។ ការតាមដានសុខភាពចម្ការជាប្រចាំ គឺជាយន្តការដ៏មានប្រសិទ្ធភាពបំផុតក្នុងការរក្សាដំណាំឱ្យមានសុខភាពល្អ និងទទួលបានទិន្នផលកាន់តែប្រសើរ៕
ដោយៈ ចាន់ តារា
ប្រភព៖ Gulab orchard shilaroo/ UC IPM
