ខ្មូតដីគូទស្រួចភ្នាក់ងារការពារដំណាំដោយមិនអស់​កម្រៃ​

បងប្អូនកសិករខ្លះ ប្រហែលជាធ្លាប់ឃើញសត្វល្អិតមួយប្រភេទដែលមានរូបរាងស្រដៀងនឹងស្រមោចផង និងខ្ទួយផង ហើយ​វា​អាចវារយ៉ាងលឿននៅលើដី និង​ចូលចិត្តលើកគូទឡើងលើនៅពេលយើងទៅប៉ះវា។ សត្វនេះត្រូវបានគេហៅថា «ខ្មូតដីគូទស្រួច» (Rove Beetle)។

កុំអាលប្រញាប់សម្លាប់វាអី! ព្រោះនេះគឺជា «ភ្នាក់ងារ​ការពារដំណាំ» ដ៏ពូកែ ដែលជួយយាមកាម និង​កម្ចាត់សត្រូវដំណាំឱ្យបងប្អូនដោយមិនយកកម្រៃ។

១. តើអ្វីទៅជា «ខ្មូតដីគូទស្រួច»?

ខ្មូតដីគូទស្រួច ស្ថិតក្នុងអំបូរ Staphylinidae។ វាមានលក្ខណៈសម្គាល់ពិសេសៗដូចជា៖

  • រូបរាង៖ ខ្លួនវែង ស្លាបខ្លី មើលទៅដូចគ្មានស្លាប តែពិតជាមាន និងអាចហោះបាន។ ជាទូទៅវាមានប្រវែងប្រហែល ២,៥ សង់ទីម៉ែត្រ។
  • ចរិតលក្ខណៈ៖ នៅពេលវាផ្អើល ឬមានអារម្មណ៍ថាមានគ្រោះថ្នាក់ វាតែងតែលើកចុងកន្ទុយឡើងលើ ដូចជាសត្វខ្ទួយអញ្ចឹងដែរ​។
  • ការការពារខ្លួន៖ ទោះបីវាលើកកន្ទុយដូចខ្ទួយ ប៉ុន្តែវាគ្មានទ្រនិចទិច ឬខាំ​ឡើយ។ ទោះជាយ៉ាងណា បងប្អូនមិនគួរចាប់វាកាន់នឹងដៃទទេឡើយ ព្រោះខ្លួនវាមានសារធាតុពុលម្យ៉ាងឈ្មោះ Pederin ដែលអាចធ្វើឱ្យស្បែកយើងឡើងរលាក ឬពងបែកបាន។

២. តួនាទីជាអ្នកប្រមាញ់​ក្នុងចម្ការ

ខ្មូតដីគូទស្រួច គឺជាសត្វល្អិតស៊ីសាច់ជាអាហារ (Predator)។ ទាំងវគ្គជាដង្កូវ និងវគ្គពេញវ័យ ពួកវាគឺជាអ្នកកម្ចាត់សត្រូវដំណាំដ៏សកម្ម៖

  • ចំណីរបស់វា៖ វាស៊ីសត្វល្អិតតូចៗ សត្វល្អិតចង្រៃក្នុងដី ពួកមមាច ទ្រីប និងពពួកចៃដី (Mites) ដែលបំផ្លាញឫសដំណាំ។
  • អាវុធ៖ វាមានថ្គាមធំ និងមាំ ដែលប្រើសម្រាប់ខាំក្របួចសត្រូវមិនឱ្យរបេះ។
  • យុទ្ធសាស្ត្រ៖ ខ្មូតដីខ្លះ ចូលទៅសម្ងំស៊ីពង ឬដង្កូវរបស់សត្រូវដំណាំពីខាងក្នុងតែម្ដង។

៣. ស្ថាប័នជំនាញហៅវាថា «មិត្តដ៏ល្អរបស់កសិករ»

យោងតាមការសិក្សារបស់ស្ថាប័នកសិកម្មល្បីៗ ខ្មូតដីត្រូវបានចាត់ទុកថាជា «ភ្នាក់ងារត្រួតពិនិត្យ​ជីវសាស្ត្រ» ដ៏សំខាន់៖

សាកលវិទ្យាល័យកាលីហ្វ័រញ៉ា បានបញ្ជាក់ថា ខ្មួតដីគឺជាភ្នាក់ងារដ៏ចម្បងក្នុងការកម្ចាត់ ដង្កូវស៊ីឫស (Root Maggots) និងសត្វល្អិតដទៃទៀតដែលរស់នៅក្នុងដី។ នៅប្រទេសបារាំង និងកាណាដា គេថែមទាំងបង្កាត់ពូជខ្មូតដីនេះ ដើម្បីយកទៅព្រលែងក្នុងចម្ការដើម្បីការពារដំណាំទៀតផង។

សាកលវិទ្យាល័យ​Cornell University បានលើកឡើងដែរ​ថា ខ្មូតដីជួយរក្សាតុល្យភាពក្នុងប្រព័ន្ធអេកូឡូស៊ីកសិកម្ម។ នៅពេលណាដែលសត្វល្អិតចង្រៃអស់ពីចម្ការ ខ្មូតដីទាំងនេះនឹងចាកចេញទៅដោយខ្លួនឯង ដោយមិនបង្កផលប៉ះពាល់ដល់ដំណាំឡើយ។

៤. វិធីរក្សា​ឱ្យមានខ្មូតដី​ក្នុងចម្ការ

ដើម្បីឱ្យមានវត្តមាន​អ្នកយាមចម្ការដ៏ពូកែនេះ បងប្អូនគួរអនុវត្តដូចខាងក្រោម៖

  • កាត់បន្ថយថ្នាំពុលគីមី៖ ការបាញ់ថ្នាំសម្លាប់សត្វល្អិតខ្លាំងៗ នឹងសម្លាប់ទាំងសត្វចង្រៃ និងសត្វមានប្រយោជន៍ដូចជាខ្មួតដីនេះឯង។
  • រក្សាសារធាតុសរីរាង្គ៖ ខ្មូតដីចូលចិត្តរស់នៅកន្លែងដែលមានកម្ទេចកំទីស្លឹកឈើ ឬជីកំប៉ុស្ត ព្រោះវាជាកន្លែងសម្បូរចំណី និងមានសំណើមល្អ។
  • កុំប៉ះពាល់ដោយដៃទទេ៖ ប្រសិនបើឃើញវា គ្រាន់តែទុកវាឱ្យនៅស្ងៀមទៅ វានឹងជួយយាមចម្ការឱ្យបងប្អូនហើយ។

កសិកម្មវៃឆ្លាត មិនមែនមានន័យថាត្រូវសម្លាប់សត្វល្អិតគ្រប់ប្រភេទដែលយើងឃើញក្នុងចម្ការនោះទេ។ ការយល់ដឹងពីមិត្ត និងសត្រូវ នឹងជួយឱ្យបងប្អូនកាត់បន្ថយការប្រើថ្នាំគីមី សន្សំថវិកា និងទទួលបានទិន្នផលដែលមានសុវត្ថិភាព។

ដោយ៖ ចាន់ តារា
ប្រភព៖ Gardening Know How/ Cornell College of Agriculture