ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានប្រកាសជាសាធារណៈនូវការបន្តផ្តល់ជំនួយ និងការបង្កើតយុទ្ធនាការថ្មីមួយឈ្មោះថា «កូកាខ្មែរហេរ៉ូ» (Coca Khmer Hero)។ យុទ្ធនាការនេះមានគោលដៅចម្បងក្នុងការផ្តល់ «សុវត្ថិភាពស្បៀង» និងការជួយឱ្យបងប្អូនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅផ្ទះវិញ ឱ្យមានលទ្ធភាពម្ចាស់ការលើការរស់នៅប្រចាំថ្ងៃរបស់ខ្លួន។

១. ដំណោះស្រាយប្រកបដោយចីរភាព និងកិច្ចសហការ
ក្រុមហ៊ុនបានសហការយ៉ាងជិតស្និទ្ធជាមួយ អង្គការទស្សនៈពិភពលោក (World Vision) ដោយមានការគាំទ្រពី ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងអាជ្ញាធរមូលដ្ឋាន ដើម្បីបំប្លែងជំរំភៀសសឹកចំនួន ៩ ទីតាំង ឱ្យទៅជាសហគមន៍ដែលរឹងមាំ និងអាចផ្គត់ផ្គង់ស្បៀងដោយខ្លួនឯងបាន។

២. សកម្មភាពស្នូលនៃយុទ្ធនាការ «កូកាខ្មែរហេរ៉ូ»
ជំនួយលើកទី៧ នេះ មិនមែនត្រឹមតែជាការចែកអំណោយរួចរាល់នោះទេ ប៉ុន្តែជាការចុះជួយដោយផ្ទាល់ដើម្បីបង្កើតប្រព័ន្ធជីវភាព៖
- ការបង្កើតប្រភពប្រូតេអ៊ីន៖ រៀបចំកសិដ្ឋានចិញ្ចឹមទាយកស៊ុតនៅនឹងកន្លែង ដើម្បីធានាថាបងប្អូនក្នុងជំរំមានស៊ុតសម្រាប់ទទួលទានជារៀងរាល់ថ្ងៃ។
- សួនបន្លែឆាប់ផ្តល់ផល៖ ផ្តល់ធនធាន និងបច្ចេកទេសដាំដុះបន្លែដែលប្រើពេលត្រឹម ២ សប្តាហ៍អាចប្រមូលផលបាន (ដូចជា ត្រកួន ស្ពៃ និងត្រប់) ដើម្បីឱ្យពួកគាត់មានបន្លែញ៉ាំ និងមានក្តីសង្ឃឹម។
- កម្លាំងស្ម័គ្រចិត្ត និងសាមគ្គីភាព៖ បុគ្គលិករបស់ក្រុមហ៊ុន (កូកាខ្មែរហេរ៉ូ) បានចុះទៅដល់ទីតាំងផ្ទាល់ ដើម្បីរួមចំណែកសាងសង់រោងទា ដាំបន្លែ និងសួរសុខទុក្ខបងប្អូនភៀសសឹកក្នុងគោលបំណងកាត់បន្ថយភាពតានតឹង និងផ្តល់ភាពកក់ក្តៅ។
- ការបណ្តុះបណ្តាលជំនាញ៖ តាមរយៈការណែនាំពីមន្ត្រីជំនាញកសិកម្ម បងប្អូនភៀសសឹកនឹងទទួលបានចំណេះដឹងបច្ចេកទេសកសិកម្ម ដែលជាទុនដ៏សំខាន់សម្រាប់យកទៅប្រើប្រាស់បន្តនៅពេលពួកគាត់ត្រឡប់ទៅភូមិឋានវិញ។

៣. មោទនភាពផលិតផលខ្មែរ រយៈពេល ៣៣ ឆ្នាំ
ក្រុមហ៊ុនបានបញ្ជាក់យ៉ាងច្បាស់ពីមោទនភាពជាតិថា ភេសជ្ជៈកូកា-កូឡា គឺ ផលិតនៅកម្ពុជា ១០០% ដោយស្នាដៃកូនខ្មែរ និងមានវត្តមានអស់រយៈពេល ៣៣ ឆ្នាំមកហើយ (តាំងពីឆ្នាំ ១៩៩៣)។ លោក ប៉ាវឡូ ហ្គាសស្ប៉ា អឌ្រីហ្គេស (Paulo Gaspar Rodrigues) អគ្គនាយកក្រុមហ៊ុន បានសង្កត់ធ្ងន់ថា រាល់ការគាំទ្រពីអតិថិជន គឺជាការរួមចំណែកជួយដល់សង្គម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ។
៤. តួលេខនៃផលសម្រេចបាន
រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានសម្រេចសមិទ្ធផលគួរឱ្យកត់សម្គាល់៖
- ជួយគ្រួសារភៀសសឹកសរុបជាង ៥០,០០០ គ្រួសារ តាមរយៈការផ្តល់ភេសជ្ជៈ។
- ផ្តល់កញ្ចប់ជំនួយសង្គ្រោះ (អង្ករ អាហារ ថ្នាំសង្កូវ សម្ភារៈប្រើប្រាស់) ចំនួនជាង ៣០០ កញ្ចប់។
- កសិដ្ឋានចិញ្ចឹមទាដែលកំពុងផ្តល់ផលមានចំនួន ៩ ទីតាំង។
- សួនបន្លែដែលរួចរាល់មាន ៣ ទីតាំង និងកំពុងគ្រោងបន្ថែម ៣ ទីតាំង ទៀតក្នុងពេលឆាប់ៗ។


អំពីក្រុមហ៊ុន៖ កូកា-កូឡា ខេមបូឌា ផលិតភេសជ្ជៈចំនួន ១៤ មុខ (៨ ម៉ាកផលិតផល) ក្នុងរោងចក្រដ៏ទំនើបនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (ខណ្ឌកំបូល) និងបានជួយជ្រោមជ្រែងអាជីវកម្មតូចធំជាង ៥០,០០០ កន្លែងនៅទូទាំងប្រទេស។
