បងប្អូនកសិករពិតជាដឹងហើយថា ការធ្វើកសិកម្មមិនមែនគ្រាន់តែជាការបាចជីឱ្យដំណាំស៊ីដើម្បីតែដុះនោះទេ ប៉ុន្តែវាគឺជាការចិញ្ចឹមដំណាំឱ្យមានសុខភាពល្អ។ ដូចគ្នានឹងមនុស្សយើងដែរ រុក្ខជាតិត្រូវការអាហារពីរប្រភេទធំៗដើម្បីលូតលាស់គឺ ម៉ាក្រូសារធាតុចិញ្ចឹម (Macronutrients) និងមីក្រូសារធាតុចិញ្ចឹម (Micronutrients)។

១. ម៉ាក្រូសារធាតុចិញ្ចឹម៖ អាហារសម្រាប់សាងសង់រាងកាយ
ទាំងនេះគឺជាក្រុមសារធាតុដែលដំណាំត្រូវការក្នុងបរិមាណច្រើន ដើម្បីកសាងរចនាសម្ព័ន្ធដើម ស្លឹក និងឫស៖
- អាសូត (N)៖ សម្រាប់ជំរុញការលូតលាស់ដើម និងស្លឹកឱ្យខៀវស្រងាត់។
- ផូស្វ័រ (P)៖ សម្រាប់ពង្រឹងប្រព័ន្ធឫស និងជំរុញការចេញផ្កា។
- ប៉ូតាស្យូម (K)៖ សម្រាប់គុណភាពផ្លែ និងបង្កើនភាពធន់នឹងជំងឺ។
- កាល់ស្យូម (Ca) ម៉ាញេស្យូម (Mg) និងស្ពាន់ធ័រ (S)៖ ជួយឱ្យដើមរឹងមាំ និងផលិតក្លូរ៉ូភីល (ជាតិពណ៌បៃតង) បានល្អ។
បើខ្វះសារធាតុទាំងនេះ ដំណាំនឹងក្រិន មិនចេញផ្លែ ឬស្លឹកលឿងខុសធម្មតា។
២. មីក្រូសារធាតុចិញ្ចឹម៖អាហារសម្រាប់ប្រព័ន្ធការពារ និងសកម្មភាព
ទោះបីជាដំណាំត្រូវការក្នុងបរិមាណតិចតួចក៏ដោយ ប៉ុន្តែពួកវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការគ្រប់គ្រងប្រព័ន្ធអាហារ និងសកម្មភាពអង់ស៊ីមខាងក្នុងដំណាំ។ មីក្រូធាតុទាំងនោះរួមមាន ដែក (Fe) ស័ង្កសី (Zn) ម៉ង់ហ្គាណែស (Mn) ទង់ដែង (Cu) បូរ៉ុន (B) និងម៉ូលីបដេន (Mo)។
សារធាតុទាំងនេះជួយដល់ការធ្វើរស្មីសំយោគ ការដឹកជញ្ជូនសារធាតុចិញ្ចឹម និងការចេញផ្កា។ ការខ្វះមីក្រូសារធាតុចិញ្ចឹម ទោះបន្តិចបន្តួចក៏ដោយ ក៏អាចធ្វើឱ្យដំណាំចុះខ្សោយ និងទិន្នផលធ្លាក់ចុះដែរ។
ការថែទាំដំណាំដោយការដឹងពីតុល្យភាពសារធាតុចិញ្ចឹម គឺជាមូលដ្ឋានគ្រឹះនៃកសិកម្មជោគជ័យ។
វិទ្យាស្ថានបណ្តាញអាហាររូបត្ថម្ភរុក្ខជាតិ (International Plant Nutrition Institute – IPNI) បានលើកឡើងថាការប្រើជីតែមួយមុខ (ដូចជាជីអាសូតតែឯង) ដោយមិនគិតពីមីក្រូសារធាតុចិញ្ចឹម គឺប្រៀបដូចជាការកសាងផ្ទះដែលគ្មានគ្រឹះ។ ការរក្សាតុល្យភាពរវាងម៉ាក្រូ និងមីក្រូសារធាតុចិញ្ចឹម ជួយបង្កើនសមត្ថភាពដំណាំក្នុងការស្រូបយកសារធាតុចិញ្ចឹមឱ្យបានពេញលេញ និងបង្កើនភាពធន់នឹងអាកាសធាតុ។
ចំណែកអង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) បានសង្កត់ធ្ងន់ថាដីដែលមានជីវជាតិគ្រប់គ្រាន់ និងមានតុល្យភាព មិនត្រឹមតែផ្ដល់ទិន្នផលខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយឱ្យផលិតផលកសិកម្មមានតម្លៃអាហារូបត្ថម្ភខ្ពស់ដល់អ្នកទទួលទានផងដែរ។ ការធ្វើតេស្តដីជាប្រចាំ គឺជាវិធីសាស្ត្រតែមួយគត់ដើម្បីដឹងថា តើដីរបស់បងប្អូនត្រូវការសារធាតុចិញ្ចឹមណាខ្លះ។

គន្លឹះសម្រាប់បងប្អូនកសិករ
ដំណាំដែលមានសុខភាពល្អ មិនមែនកើតឡើងពីការបាចជីឱ្យតែបានច្រើននោះទេ។
- ពិនិត្យដី៖ ធ្វើការវិភាគដីដើម្បីដឹងពីកង្វះខាតពិតប្រាកដ។
- ដាក់ជីឱ្យមានតុល្យភាព៖ កុំផ្ដោតតែលើជីមូលដ្ឋាន (N-P-K) ភ្លេចពីមីក្រូសារធាតុចិញ្ចឹម។
- ជីសរីរាង្គ៖ ការប្រើប្រាស់ជីកំប៉ុស្ត ឬជីលាមកសត្វ គឺជាប្រភពដ៏ល្អនៃសារធាតុចិញ្ចឹមចម្រុះទាំងម៉ាក្រូ និងមីក្រូ។
ដីដែលមានសុខភាពល្អនៃឲ្យដំណាំមានសុខភាពល្អ និងទទួលបានទិន្នផលកាន់តែខ្ពស់៕
ដោយ៖ ចាន់ តារា
ប្រភព៖ Gulab orchard shilaroo / FAO
