ការ​ពិត​នៃ​ជីគី​មី​ ដែល​កសិករ​​អាច​យល់​​ច្រលំ​នាពេលកន្លងមក​

ចាប់តាំងពីមាន​បដិវត្តន៍កម្មបៃតងមក ជីគីមីបានក្លាយជាកត្តាដ៏សំខាន់បំផុតមួយដែលជួយបង្កើនទិន្នផលកសិកម្មដើម្បីចិញ្ចឹមមនុស្សរាប់ពាន់លាននាក់នៅជុំវិញពិភពលោក។ ទោះជាយ៉ាងណា ការប្រើប្រាស់ជីគីមីក៏បាននាំមកនូវផលវិបាកដែលកសិករជាច្រើនមិនបានដឹង ឬយល់ច្រលំ។

១. ការយល់ច្រលំថាដាក់ជីកាន់តែច្រើន ដំណាំកាន់តែល្អ

កសិករភាគច្រើនជឿថា ការបង្កើនបរិមាណជីនឹងធ្វើឲ្យទិន្នផលកើនឡើងតាមនោះដែរ។ ប៉ុន្តែតាមការពិត រុក្ខជាតិមានសមត្ថភាពកំណត់ក្នុងការស្រូបយកជាតិរ៉ែ (អាសូត ផូស្វ័រ និងប៉ូតាស្យូម)។

ការពិត ជីដែលដាក់លើសតម្រូវការមិនត្រូវបានរុក្ខជាតិស្រូបយកឡើយ។ ផ្ទុយទៅវិញ ប្រហែល ៥០% នៃជីដែលអ្នកបានដាក់ នឹងត្រូវលាងជម្រះទៅក្នុងទឹកក្រោមដី ឬហួតទៅក្នុងបរិយាកាស ដែលជាការខាតបង់ថវិកាដោយឥតប្រយោជន៍។

២. ការយល់ច្រលំថាជីគីមីប៉ះពាល់តែដី និងទឹក

យើងដឹងហើយថាជីគីមីធ្វើឲ្យដីរឹង និងបំពុលទឹក ប៉ុន្តែមានរឿងមួយដែលគេមិនសូវចាប់អារម្មណ៍គឺការបំពុលខ្យល់។

ជា​ការពិត ការផលិតជីគីមីត្រូវប្រើប្រាស់ថាមពលផូស៊ីលយ៉ាងច្រើន ដែលបញ្ចេញឧស្ម័នកាបូនិច។ លើសពីនេះ នៅពេលជីអាសូតត្រូវបានដាក់លើដី វាបញ្ចេញឧស្ម័ននីត្រឹសអុកស៊ីត ដែលជាឧស្ម័នផ្ទះកញ្ចក់ មានឥទ្ធិពលខ្លាំងជាងឧស្ម័នកាបូនិចរហូតដល់ ៣០០ ដង ក្នុងការធ្វើឲ្យផែនដីឡើងកម្តៅ។

៣. ការយល់ច្រលំថា​ជីគីមីអាចជំនួសជីធម្មជាតិបានទាំងស្រុង

ជីគីមីផ្ដល់តែសារធាតុរ៉ែសំខាន់ៗភ្លាមៗដល់រុក្ខជាតិ ប៉ុន្តែវាមិនបានផ្ដល់អាហារ​ដល់ដីនោះទេ។

ជាក់ស្ដែង​ដីមានជីវិតដោយសារមីក្រូសារពាង្គកាយ និងបាក់តេរីល្អៗ។ ជីគីមីមិនមានសារធាតុសរីរាង្គសម្រាប់ចិញ្ចឹមសត្វល្អិតក្នុងដីទាំងនេះទេ។ ការប្រើតែជីគីមី​តែ​មួយ​មុខ​ក្នុងរយៈពេលយូរ នឹងធ្វើឲ្យរចនាសម្ព័ន្ធដីធ្លាក់ចុះ ដីបាត់បង់សមត្ថភាពរក្សាសំណើម និងធ្វើឲ្យដីក្លាយជាដីងាប់​ដែលមិនអាចដាំដុះបានបើគ្មានជីគីមី។

៤. ការយល់ច្រលំថា​ផលប៉ះពាល់មានត្រឹមតែកន្លែងដាំដុះ

កសិករខ្លះគិតថា ការប្រើជីគីមីលើសកម្រិតប៉ះពាល់តែដីស្រែរបស់ខ្លួនប៉ុណ្ណោះ។

ប៉ុន្តែ​ជាក់ស្ដែង​ ជីគីមីដែលហូរតាមទឹកភ្លៀងចូលទៅក្នុងទន្លេ និងបឹង បង្កឲ្យមានបាតុភូតម្យ៉ាងដែលធ្វើឲ្យស្លែដុះច្រើនលើសលុប (Eutrophication)។ ស្លែទាំងនេះនឹងបឺតយកអុកស៊ីសែនទាំងអស់ពីក្នុងទឹក បណ្តាលឲ្យត្រី និងសត្វទឹកដទៃទៀតងាប់ ដែលគេហៅថាតំបន់ស្លាប់ (Dead Zones) នៅក្នុងប្រព័ន្ធទឹកធម្មជាតិ។

តើយើងគួរធ្វើដូចម្តេច?

យើងមិនអាចបោះបង់ជីគីមីទាំងស្រុងបានភ្លាមៗទេ ព្រោះវាចាំបាច់សម្រាប់សន្តិសុខស្បៀង ប៉ុន្តែយើងអាចផ្លាស់ប្តូររបៀបប្រើប្រាស់បាន៖

  • ប្រើប្រាស់ក្នុងកម្រិតសមស្រប៖ ដាក់ជីតាមតម្រូវការជាក់ស្តែងរបស់ដី និងដំណាំ (ការពិនិត្យដីជាមុនគឺល្អបំផុត)។
  • ការរួមបញ្ចូលគ្នា៖ ប្រើប្រាស់ជីគីមីលាយឡំជាមួយជីសរីរាង្គ (ជីកំប៉ុស្ត លាមកសត្វ) ដើម្បីរក្សាសុខភាពដីរយៈពេលវែង។
  • ពេលវេលាត្រឹមត្រូវ៖ ជៀសវាងការដាក់ជីនៅពេលមេឃជិតភ្លៀងខ្លាំង ដើម្បីកាត់បន្ថយការលាងជម្រះជាតិគីមីចូលទៅក្នុងប្រភពទឹក។

ជីគីមីគឺជាឧបករណ៍ដ៏មានឥទ្ធិពល ប៉ុន្តែវាប្រៀបដូចជាថ្នាំពេទ្យដែរ បើប្រើលើសកម្រិត ឬប្រើមិនត្រឹមត្រូវ វានឹងក្លាយជាថ្នាំពុលសម្រាប់បរិស្ថាន និងសុខភាពដីទៅវិញ។ ការយល់ដឹងពីតុល្យភាពរវាងទិន្នផល និងការអភិរក្សដី គឺជាគន្លឹះនៃកសិកម្មប្រកបដោយនិរន្តរភាព៕

ដោយ៖ សែន តុលា
ប្រភព៖ Food Unfolded / Haifa Group