សំណល់​ថ្នាំ​សម្លាប់​ស្មៅ​ក្នុង​ដី​​ហានិភ័យ​លាក់​មុខ​ចំពោះ​សុខ​ភាព​ដំណាំ​

ថ្នាំសម្លាប់ស្មៅ មានប្រយោជន៍ក្នុងការគ្រប់គ្រងស្មៅ ប៉ុន្តែប្រសិនបើវាបន្ត​នៅក្នុងដីយូរជាងការរំពឹងទុក សំណល់ទាំងនោះអាចជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ដំណាំបន្ទាប់។ មូលហេតុដែលបណ្តាលឱ្យថ្នាំទាំងនេះនៅសេសសល់ក្នុងដីយូរ រួមមានលក្ខខណ្ឌអាកាសធាតុ ប្រភេទដី កម្រិតនៃការប្រើប្រាស់ថ្នាំ និងការរលាយសាបសូន្យក្នុងដីមានសភាពយឺតយ៉ាវ ដែលនាំឱ្យដំណាំពិបាកដុះ និងថយចុះផលិតភាព។

រោគសញ្ញានៃការប៉ះពាល់នឹងសំណល់ថ្នាំសម្លាប់ស្មៅ

បងប្អូនកសិករគួរសង្កេតមើលរោគសញ្ញាទាំងនេះលើដំណាំ៖

  • ដំណុះមិនល្អ៖ ពន្លកដុះយឺត ឬមិនស្មើគ្នា អត្រាគ្រាប់ពូជដុះមានកម្រិតទាប និងកូនដំណាំមានសភាពខ្សោយផុយស្រួយ។
  • ការអភិវឌ្ឍឫសខុសប្រក្រតី៖ ឫសមានសភាពកាច់ ឬខ្លី ឫសមិនសូវបែកមែក ដែលធ្វើឱ្យការស្រូបយកទឹក និងសារធាតុចិញ្ចឹមមានការថយចុះ។
  • ភាពតានតឹងដោយសារសារធាតុគីមី៖ ស្លឹករួញ ឬខូចទ្រង់ទ្រាយ មានស្លឹកពណ៌លឿង ឬមានស្នាមដាច់ដានតូចៗ រួមទាំងការលូតលាស់មិនពេញលេញ។
  • ការរាំងស្ទះដល់ការលូតលាស់៖ កន្លែងបែកមែកខ្លីៗ ស្លឹកដុះកញ្ចុំគ្នាខ្លាំងពេក រារាំងដល់ការចេញផ្កា និងផ្លែ ដែលធ្វើឱ្យទិន្នផលធ្លាក់ចុះ។

កត្តាដែលធ្វើឱ្យថ្នាំសម្លាប់ស្មៅសេសសល់ក្នុងដីយូរ

កត្តាដែលបង្កើនហានិភ័យនៃសំណល់ថ្នាំរួមមាន៖

  • សកម្មភាពអតិសុខុមប្រាណក្នុងដីមានកម្រិតទាប។
  • ស្ថានភាពអាកាសធាតុស្ងួត ឬត្រជាក់ពេក។
  • ការប្រើប្រាស់ថ្នាំក្នុងកម្រិតខ្ពស់ពេក។
  • កត្តា pH នៃដី និងកម្រិតសារធាតុសរីរាង្គក្នុងដី។
  • ការបង្ហូរទឹកមិនបានល្អ និងកង្វះទឹកភ្លៀង។

វិធីសាស្ត្រកាត់បន្ថយហានិភ័យ

ដើម្បីធានាបាននូវសុខភាពដី និងដំណាំ បងប្អូនគួរអនុវត្តដូចខាងក្រោម៖

  • ត្រូវអនុវត្តតាមកម្រិតថ្នាំដែលបានណែនាំ និងអានស្លាកសញ្ញាឱ្យបានច្បាស់លាស់។
  • គោរពតាមការណែនាំអំពីការប្តូរដំណាំដាំដុះ​ មុនពេលដាំដំណាំដែលងាយរងគ្រោះ។
  • បង្កើនសារធាតុសរីរាង្គក្នុងដី ដើម្បីជួយដល់អតិសុខុមប្រាណដែលមានប្រយោជន៍។
  • រក្សាសំណើមដីឱ្យបានត្រឹមត្រូវ ដើម្បីជួយឱ្យថ្នាំសម្លាប់ស្មៅបំបែកខ្លួនបានលឿន។
  • ប្តូរប្រភេទថ្នាំសម្លាប់ស្មៅដែលមានយន្តការសកម្មភាពខុសៗគ្នា។
  • តាមដានចម្ការជាប្រចាំ ដើម្បីរកឱ្យឃើញរោគសញ្ញានៃការប៉ះពាល់ថ្នាំតាំងពីដំណាក់កាលដំបូង។ សូម​ប្រឹក្សា​ជាមួយ​មន្ត្រី​កសិកម្ម​ឃុំ ដើម្បី​ដឹង​ពីវិធី​ប្រើប្រាស់​ថ្នាំ​សម្លាប់​ស្មៅ​បាន​ត្រឹមត្រូវ​។​

ដីដែលមានសុខភាពល្អ គឺជាគ្រឹះនៃដំណាំដែលមានសុខភាពល្អ។ ការជ្រើសរើសថ្នាំសម្លាប់ស្មៅឱ្យបានត្រឹមត្រូវ ការប្រើប្រាស់ដោយការទទួលខុសត្រូវ និងការគ្រប់គ្រងដីបានល្អ នឹងជួយកាត់បន្ថយបញ្ហាសំណល់ថ្នាំ ធានាបាននូវការដុះលូតលាស់ល្អរបស់ដំណាំ និងបង្កើនទិន្នផលខ្ពស់៕​

ដោយ៖ ចាន់ តារា
ប្រភព៖ Gulab orchard shilaroo/ FAO