ដីដែលមានសុខភាពល្អ គឺជាគ្រឹះដ៏រឹងមាំដើម្បីឈានទៅរកភាពជោគជ័យក្នុងវិស័យកសិកម្ម។ ក្នុងចំណោមសមាសធាតុសំខាន់ៗរបស់ដី សារធាតុសរីរាង្គ ត្រូវបានចាត់ទុកថាជា បេះដូងដែលកំណត់នូវជីជាតិ រចនាសម្ព័ន្ធ និងផលិតភាពរបស់ដីក្នុងរយៈពេលវែង។

តើអ្វីទៅជាសារធាតុសរីរាង្គក្នុងដី?
ដីកសិកម្មមានសមាសធាតុផ្សំឡើងពី សារធាតុរ៉ែ សារធាតុសរីរាង្គ ទឹក និងខ្យល់។ សារធាតុសរីរាង្គ រួមមានកាកសំណល់រុក្ខជាតិ សត្វ និងមីក្រូសារពាង្គកាយដែលកំពុងរលួយនៅដំណាក់កាលផ្សេងៗគ្នា ព្រមទាំងភាវៈរស់ក្នុងដីដូចជា ប្ញសរុក្ខជាតិ ជន្លេន និងមីក្រូសារពាង្គកាយរាប់ពាន់លានផ្សេងទៀត។ ជាទូទៅ សារធាតុសរីរាង្គប្រមូលផ្តុំច្រើននៅស្រទាប់ដីខាងលើ (ជម្រៅពី ០-១៥ សង់ទីម៉ែត្រ)។
ហេតុអ្វីបានជាសារធាតុសរីរាង្គមានសារៈសំខាន់?
សារធាតុសរីរាង្គផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពដី៖
- កែលម្អរចនាសម្ព័ន្ធដី៖ វាដើរតួដូចជា «កាវ» ដែលជួយភ្ជាប់ភាគល្អិតដីឱ្យមានរចនាសម្ព័ន្ធធូរ និងមានខ្យល់ចេញចូលល្អ។ វាកាត់បន្ថយការហាប់ណែនរបស់ដី ការពារការហូរច្រោះ និងជួយឱ្យប្ញសរុក្ខជាតិចាក់ចូលដីបានជ្រៅ។
- បង្កើនសមត្ថភាពរក្សាទឹក និងជីជាតិ៖ ដីដែលមានសារធាតុសរីរាង្គខ្ពស់ប្រៀបដូចជា អេប៉ុង ដែលអាចស្រូប និងរក្សាទឹកបានយូរ កាត់បន្ថយភាពរាំងស្ងួតដល់ដំណាំ និងទប់ស្កាត់ការលាងជម្រះសារធាតុចិញ្ចឹម។
- ជំរុញជីវចម្រុះក្នុងដី៖ វាគឺជាប្រភពអាហារ និងថាមពលសម្រាប់មីក្រូសារពាង្គកាយ និងសត្វល្អិតដែលមានប្រយោជន៍ ដែលជួយឱ្យដីមានជីវិតរស់រវើក។
- ការផ្ទុកកាបូន និងតុល្យភាពបរិស្ថាន៖ ដីគឺជាកន្លែងផ្ទុកកាបូនដ៏ធំបំផុតនៅលើផែនដី ដែលជួយកាត់បន្ថយឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។
ការបំប្លែង និងការផ្តល់សារធាតុចិញ្ចឹម
សារធាតុសរីរាង្គផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗដូចជា អាសូត (N) ផូស្វ័រ (P) ប៉ូតាស្យូម (K) និងស្ពាន់ធ័រ (S)។ ប៉ុន្តែ សារធាតុទាំងនេះមិនមែនសុទ្ធតែរុក្ខជាតិអាចបឺតស្រូបយកបានភ្លាមៗនោះទេ។ តាមរយៈដំណើរការ «ខនិជកម្ម» (Mineralization) មីក្រូសារពាង្គកាយក្នុងដីនឹងបញ្ចេញអង់ស៊ីមដើម្បីបំប្លែងសមាសធាតុសរីរាង្គស្មុគស្មាញ ឱ្យទៅជាទម្រង់អសរីរាង្គដែលរុក្ខជាតិងាយស្រូបយក។ ការគ្រប់គ្រងដំណើរការនេះឱ្យបានល្អ នឹងជួយកាត់បន្ថយការចំណាយលើជីគីមី និងកាត់បន្ថយការបាត់បង់សារធាតុចិញ្ចឹមទៅក្នុងបរិស្ថាន។

កត្តាគ្រប់គ្រងដើម្បីបង្កើនសារធាតុសរីរាង្គ
ការអនុវត្តកសិកម្មត្រឹមត្រូវអាចជួយកសាង និងរក្សាសារធាតុសរីរាង្គបាន៖
- ការគ្រប់គ្រងកម្រិត pH ដី៖ ការប្រើប្រាស់កំបោរដើម្បីរក្សាកម្រិត pH ឱ្យនៅប្រហាក់ប្រហែល ៦,៣ គឺមានសារៈសំខាន់ណាស់សម្រាប់សកម្មភាពរបស់មីក្រូសារពាង្គកាយ និងការបំប្លែងអាសូត។
- ការប្រើប្រាស់ជីសរីរាង្គ៖ ការស្រាវជ្រាវបង្ហាញថា ការប្រើជីសរីរាង្គ (ដូចជាលាមកសត្វ) ផ្តល់លទ្ធផលល្អជាងជីគីមី ព្រោះវាជួយកសាងសារធាតុសរីរាង្គក្នុងដី ខណៈដែលជីគីមីតែមួយមុខអាចធ្វើឱ្យថយចុះនូវតុល្យភាពដី។
- បច្ចេកទេសដាំដុះ៖ ការដាំដំណាំចម្រុះ ការប្រើប្រាស់ដំណាំគ្របដី ការកាត់បន្ថយការភ្ជួររាស់ខ្លាំង និងការប្រើប្រាស់កំប៉ុស្ត សុទ្ធតែជាវិធីសាស្ត្រជួយកែលម្អសុខភាពដី។
ការយល់ដឹងកាន់តែច្បាស់អំពីតួនាទីរបស់សារធាតុសរីរាង្គ នឹងជួយឱ្យកសិកររៀបចំផែនការគ្រប់គ្រងជីជាតិបានច្បាស់លាស់។ ការថែរក្សាដីឱ្យមានជីវិតតាមរយៈការបង្កើនសារធាតុសរីរាង្គ មិនត្រឹមតែផ្តល់ទិន្នផលខ្ពស់ និងចំណេញថវិកាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕
ដោយ៖ សែន តុលា
ប្រភព៖ Gulab orchard shilaroo / Soil Organic Matter
