បងប្អូនកសិករធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាដំណាំស្រពោនងាប់ទាំងដែលយើងស្រោចទឹកគ្រប់គ្រាន់ ឬដាក់ជីតាមបច្ចេកទេស? ជារឿយៗ ឃាតករពិតប្រាកដមិនមែននៅលើស្លឹក ឬមែកទេ ប៉ុន្តែវា ពួនសម្ងំនៅក្នុងដី។ ជំងឺដែលកើតចេញពីដី (Soil-borne diseases) គឺជាបញ្ហាប្រឈមបំផុតសម្រាប់កសិកម្មដោយសារអាកាសធាតុក្តៅហើយសើមខ្លាំង។
តើអ្វីទៅជាជំងឺក្នុងដី?
វាគឺជាជំងឺដែលបង្កឡើងដោយមេរោគ (Pathogens) ដូចជា ផ្សិត បាក់តេរី វីរុស និងណេម៉ាតូតដែលរស់នៅក្នុងដីបានរាប់ខែ ឬរាប់ឆ្នាំ។ មេរោគទាំងនេះនឹងវាយប្រហារទៅលើ ឫស ឬគល់ ដំណាំភ្លាមៗនៅពេលមានឱកាស (សំណើមខ្ពស់ ឬដំណាំចុះខ្សោយ)។

រោគសញ្ញាដែលបងប្អូនគួរកត់សម្គាល់
បងប្អូនអាចសម្គាល់ដឹងថាដីមានមេរោគតាមរយៈសញ្ញា ៣ យ៉ាង៖
- ងាប់កូនដំណាំ (Damping-off)៖ កូនដំណាំទើបដុះស្រាប់តែរលួយគល់ហើយដួលងាប់ជាបន្តបន្ទាប់។
- ស្រពោនស្លឹក៖ ដំណាំស្រពោនស្លឹកនៅពេលថ្ងៃត្រង់ (ពេលក្តៅ) តែត្រឡប់មកស្រស់វិញនៅពេលល្ងាច ឬព្រឹកព្រលឹម។ យូរៗទៅវានឹងស្រពោនងាប់ទាំងស្រុង។
- ឫសរលួយ ឬឫសឡើងដុំពក៖ នៅពេលដកដំណាំមកមើល ឃើញឫសឡើងពណ៌ក្រហមត្នោត ឬខ្មៅ ហើយរលួយ (ឫសមិនស) ឬមានដុំពកៗ (បង្កដោយណេម៉ាតូត)។
ហេតុអ្វីបានជាមេរោគក្នុងដីរីករាលដាលខ្លាំង?
- ការដាំដំណាំដដែលៗ៖ ការដាំដំណាំប្រភេទដដែល (Mono-cropping) ធ្វើឱ្យមេរោគមានចំណីស៊ីជានិច្ច និងកើនចំនួនកាន់តែច្រើន។
- ការស្រោចស្រពទឹកហួសកម្រិត៖ ដីដែលដក់ទឹក ឬសំណើមខ្ពស់ពេក គឺជាឋានសួគ៌របស់ផ្សិតចង្រៃ។
- ឧបករណ៍កសិកម្មមិនស្អាត៖ មេរោគអាចជាប់តាមកង់ត្រាក់ទ័រ ចបកាប់ ឬស្បែកជើង ពីចម្ការមួយទៅចម្ការមួយទៀត។

វិធានការការពារ និងកម្ចាត់
ស្ថាប័នជំនាញខាងវិស័យកសិកម្មរដូចជា FAO ណែនាំឱ្យអនុវត្តវិធីសាស្ត្រចម្រុះ៖
ក. ការប្រើ ទ្រីកូដឺម៉ា
ប្រើផ្សិតល្អ ទ្រីកូដឺម៉ា (Trichoderma) លាយជាមួយជីកំប៉ុស្តដាក់ក្នុងដី។ វាដើរតួជាអ្នកការពារឫសដំណាំ ដោយការស៊ីផ្សិតចង្រៃជាអាហារ និងជួយឱ្យឫសរឹងមាំ។
ខ. ការសម្លាប់មេរោគដោយកម្តៅថ្ងៃ
មុនដាំដុះ ត្រូវភ្ជួរដីឱ្យផុស រួចក្រាលតង់ប្លាស្ទិកថ្លាពីលើដីឱ្យជិតរយៈពេល ២-៤ សប្តាហ៍។ កម្តៅថ្ងៃដែលជ្រាបចូលក្រោមប្លាស្ទិកនឹងឡើងក្តៅខ្លាំង រហូតដល់អាចសម្លាប់មេរោគ និងគ្រាប់ស្មៅក្នុងដីបាន។
គ. ការគ្រប់គ្រងទឹក និង pH ដី
កសិករត្រូវរៀបចំប្រព័ន្ធរំដោះទឹកឱ្យបានល្អ កុំឱ្យទឹកដក់។ លើសពីនេះ ត្រូវរក្សា pH ដីឱ្យនៅកម្រិត ៦,០-៧,០ (ប្រើកំបោរកសិកម្មជំនួយបើដីជូរ) ព្រោះមេរោគក្នុងដីភាគច្រើនចូលចិត្តរស់នៅក្នុងដីជូរ។
មេរោគក្នុងដីគឺជាសត្រូវដែលពិបាកព្យាបាលបំផុត។ ការបង្ការគឺមានតម្លៃថោក និងមានប្រសិទ្ធភាពជាងការព្យាបាលក្រោយពេលដំណាំមានជំងឺ។ ដីគឺជាប្រភពនៃជីវិត ប៉ុន្តែក៏អាចជាជម្រកនៃជំងឺផងដែរ។ ការថែទាំដីឱ្យមានខ្យល់ចេញចូល មាន pH ត្រឹមត្រូវ និងមានមីក្រូសារពាង្គកាយល្អៗ គឺជាខែលការពារដ៏រឹងមាំបំផុតសម្រាប់ដំណាំរបស់បងប្អូន។
ដោយ៖ សែន តុលា
ប្រភព៖ MDPI / UC Davis Global Soil Health Portal / FAO
