សំណើម​ដី​៖​កត្តា​កំណត់​ជោគ​វាសនា​នៃ​ទិន្នផល​ដំណាំ​

មនុស្សយើងត្រូវការទឹកដើម្បីរស់​ដំណាំក៏ដូចគ្នា។ ប៉ុន្តែបញ្ហាដែលកសិករយើងជួបប្រទះញឹកញាប់បំផុតគឺការគ្រប់គ្រងទឹក។ ដំណាំ​ខ្លះ​ជួន​បញ្ហា​ខ្វះទឹកខ្លាំង ខ្លះក៏ស្រោចទឹកច្រើនពេក។ តាមពិតទៅ សំណើមដីមិនមែនមានតែសើម​ឬស្ងួត​នោះទេ ប៉ុន្តែត្រូវ​មានកម្រិតតុល្យភាពរបស់ជាក់​លាក់​របស់​វា។ ខាងក្រោមនេះ គឺជាចំណេះដឹងផ្នែកវិទ្យាសាស្ត្រស្ដីពីសំណើមដីដែលបងប្អូនគួរដឹង។

១. ដី​ខ្វះ​សំណើម (ដីស្ងួត)

នៅពេលដីស្ងួតខ្លាំង ឫសដំណាំមិនអាចបឺតស្រូបយកសារធាតុចិញ្ចឹមពីដីបានឡើយ។

  • សញ្ញាព្រមាន៖ ដំណាំចាប់ផ្ដើមស្រពោន ស្លឹកប្រែជាពណ៌លឿង ឬក្រៀមស្ងួត ការលូតលាស់យឺតយ៉ាវ។
  • លទ្ធផលវិទ្យាសាស្ត្រ៖ ដីស្ងួតធ្វើឱ្យសកម្មភាពនៃអតិសុខុមប្រាណមានប្រយោជន៍ក្នុងដីថយចុះ ហើយប្រព័ន្ធឫសមិនអាចចាក់ចូលជ្រៅបានទេ។

២. សំណើមល្អប្រសើរ

នេះគឺជាស្ថានភាពដែលដំណាំចូលចិត្តបំផុត។ ដីមានតុល្យភាពរវាងទឹកនិងខ្យល់ (អុកស៊ីសែន)។

  • សញ្ញា៖ រុក្ខជាតិមានពណ៌បៃតងខ្ចី រឹងមាំ ការលូតលាស់ល្អ មានសមត្ថភាពចេញផ្កា និងផ្លែបានពេញលេញ។
  • លទ្ធផលវិទ្យាសាស្ត្រ៖ ឫសអាចស្រូបយកសារធាតុចិញ្ចឹមបានយ៉ាងមានប្រសិទ្ធភាពបំផុត ដែលនាំឱ្យដំណាំទទួលបានទិន្នផលខ្ពស់។

៣. សំណើមលើសកម្រិត (ដីជាំទឹក)

ការស្រោចទឹកច្រើនពេកធ្វើឱ្យទឹកពេញកន្លែងទំនេរក្នុងដី ដែលត្រូវ​ទុកសម្រាប់ខ្យល់។

  • សញ្ញាព្រមាន៖ ដំណាំចាប់ផ្ដើមឡើងពណ៌លឿង រលួយឫស (Root Rot) និងងាយកើតជំងឺផ្សិត​។
  • លទ្ធផលវិទ្យាសាស្ត្រ៖ នៅពេលដីជាំទឹកខ្លាំង ឫសដំណាំគ្មានអុកស៊ីសែន​ដើម្បីដកដង្ហើម ដែលធ្វើឱ្យវារលួយ និងមិនអាចស្រូបយកជីបាន។

យោងតាមការសិក្សារបស់ អង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) បានគូសបញ្ជាក់ថា ការគ្រប់គ្រងទឹកនៅកម្រិតឫស (Root Zone) គឺជាយុទ្ធសាស្ត្រគន្លឹះក្នុង​ការ​ងារ​កសិកម្ម។ ការស្រោចស្រពមិនត្រឹមតែផ្ដល់ទឹកប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាឱ្យមានអុកស៊ីសែន​ក្នុងដីគ្រប់គ្រាន់។ ការប្រើប្រាស់បច្ចេកទេស ការគ្រប់គ្រងសំណើមដីអាចជួយកាត់បន្ថយការប្រើប្រាស់ជី និងបង្កើនប្រសិទ្ធភាពផលិតកម្មបានជាង ៣០%។

ដូចគ្នានេះដែរ សេវាកម្មស្រាវជ្រាវកសិកម្ម (USDA-ARS) បានបញ្ជាក់បន្ថែមថា ការដឹងពីប្រភេទដី (ដីខ្សាច់ ឬដីឥដ្ឋ) គឺមានសារៈសំខាន់ខ្លាំង ព្រោះដីខ្សាច់រក្សាទឹកបានតិច ខណៈដីឥដ្ឋងាយជាំទឹក។ កសិករត្រូវរៀនសង្កេត និងប្រើឧបករណ៍វាស់សំណើមសាមញ្ញ ដើម្បីកំណត់ពេលវេលាស្រោចទឹកឱ្យបានត្រឹមត្រូវ។

ដើម្បីថែរក្សាសំណើមដីឱ្យបានល្អ ជៀសវាងបញ្ហាទាំងពីរខាងលើ៖

  • ការ​ស្រោច​ទឹក​៖ គួរពិនិត្យសំណើមដីដោយការជីកមើលជម្រៅឫស ឬប្រើឧបករណ៍វាស់សំណើម
  • ដាំដំណាំគម្របដី៖ ដូចដែលបានពន្យល់ពីមុន ដំណាំគម្របដីជួយរក្សាសំណើមដីបានល្អបំផុត មិនឱ្យហួតលឿនពេក និងជួយឱ្យដីស្រូបទឹកបានល្អជាងមុន។
  • រៀបចំប្រព័ន្ធបង្ហូរទឹក៖ ប្រសិនបើតំបន់បងប្អូនជាំទឹកខ្លាំង ត្រូវតែមានប្រឡាយរំដោះទឹកចេញ ដើម្បីកុំឱ្យឫសដំណាំងាប់។

ដោយ៖ ចាន់ តារា
ប្រភព៖​ FAO / USDA