មីក្រូសារពាង្គកាយ​ដី​គន្លឹះ​បង្កើន​ទិន្នផល​ដំណាំ​ប្រកប​ដោយ​និរន្តរ​ភាព​

បងប្អូនកសិករដឹង​ទេ នៅពេលយើងឃើញដើមឈើមួយដើមដុះលូតលាស់មានផ្លែផ្កាច្រើន យើងច្រើនតែសរសើរមែក ស្លឹក និងផ្លែរបស់វា។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រកសិកម្មបានរកឃើញថា ភាពជោគជ័យពិតប្រាកដនៃដំណាំ គឺផ្តើមចេញពីសុខភាពដី ហើយសុខភាពដីល្អ​ទៅ​បាន​ គឺអាស្រ័យលើជីវិតសត្វល្អិតតូចៗដែលមើលមិនឃើញដោយភ្នែកទទេ​នៅ​ក្នុង​ដី​។

នៅក្រោមផ្ទៃដីដែលបងប្អូនដើរជាន់រាល់ថ្ងៃ មានកងទ័ពជំនួយ​រាប់លានក្បាល ដែលយើងហៅថា មីក្រូសារពាង្គកាយដី (Soil Microorganisms) ឬមេរោគល្អៗ ពួកវាកំពុងធ្វើការគ្មានថ្ងៃសម្រាក​ដើម្បីជួយចិញ្ចឹមដំណាំរបស់បងប្អូន។

១. តួនាទីអស្ចារ្យទាំង ៤ របស់មេរោគល្អៗក្នុងដី

បើគ្មានមេរោគល្អៗទាំងនេះទេ ដីចម្ការរបស់បងប្អូននឹងក្លាយជាដីងាប់ទោះដាក់ជីគីមីច្រើនប៉ុនណា​ក៏ដំណាំស្រូបយកមិនបានល្អដែរ។ ពួកវាមានតួនាទីសំខាន់ៗដូចជា៖

  • ការចាប់យកជាតិអាសូត (Nitrogen Fixation)៖ ជាតិអាសូតមានច្រើននៅក្នុងខ្យល់ ប៉ុន្តែរុក្ខជាតិមិនអាចស្រូបយកផ្ទាល់បានទេ។ បាក់តេរីល្អៗក្នុងដី គឺជាអ្នកស្រូបទាញជាតិអាសូតពីខ្យល់មកបំប្លែងជាជីជាតិក្នុងដី ធ្វើឱ្យស្លឹកឈើខៀវខ្ចី។
  • ការរលាយជាតិផូស្វ័រ (Phosphorus Solubilization)៖ ជីផូស្វ័រ (P) ច្រើនតែជាប់គាំងនៅក្នុងដី រឹងដូចថ្ម ធ្វើឱ្យឫសដំណាំបឺតមិនចូល។ មេរោគល្អៗនឹងបញ្ចេញអាស៊ីតពិសេសម្យ៉ាង ដើម្បីរំលាយជាតិផូស្វ័រនោះ ជួយឱ្យឫសស្រូបយកទៅចិញ្ចឹមដើមបានយ៉ាងងាយស្រួល។
  • ការបំប្លែងកាកសំណល់សរីរាង្គ៖ ពួកវាជាអ្នករំលាយស្លឹកឈើក្រៀម ចំបើង និងលាមកសត្វ ឱ្យក្លាយទៅជាមមោកដី​ជួយបង្កើនជីជាតិដីតាមបែបធម្មជាតិ។
  • កិច្ចសហការរវាងឫសដំណាំ និងមេរោគ៖ ឫសរុក្ខជាតិនឹងបញ្ចេញជាតិស្ករធម្មជាតិម្យ៉ាង (Root exudates) ធ្វើជាអាហារសម្រាប់ចិញ្ចឹមមេរោគល្អៗ ឯមេរោគល្អៗវិញជួយរក្សាការពារឫស និងរក្សាទឹកឱ្យរុក្ខជាតិ។ នេះជាការរស់នៅពឹងពាក់គ្នាទៅវិញទៅមកដ៏អស្ចារ្យ។

២. ផលប្រយោជន៍

នៅពេលដែលជីវសាស្ត្រក្នុងដីមានតុល្យភាព (មានមេរោគល្អៗច្រើន) វានឹងបង្កើតនូវ​ខ្សែចង្វាក់ដ៏ល្អមួយ។

បង្កើនការស្រូបយកជីជាតិ (N, P, K និងអតិសុខុមប្រាណ) ឫសដុះរឹងមាំ ស្លឹកខៀវល្អ ដំណាំធន់នឹងអាកាសធាតុក្តៅ ឬជំងឺ ទទួលបានទិន្នផលខ្ពស់ និងមានគុណភាពល្អ។

ដើម្បីបញ្ជាក់ពីការពិតនេះ ស្ថាប័នកសិកម្មធំៗបានបង្ហាញលទ្ធផលស្រាវជ្រាវដូចខាងក្រោម៖

  • អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានព្រមាននិងណែនាំថា «មីក្រូសារពាង្គកាយក្នុងដី គឺជាអ្នកដឹកជញ្ជូនសារធាតុចិញ្ចឹមទៅឱ្យរុក្ខជាតិ។ ការប្រើប្រាស់ថ្នាំគីមីបាញ់ស្មៅ និងជីគីមីហួសកម្រិត គឺជាការសម្លាប់កងទ័ពល្អៗទាំងនេះ ដែលធ្វើឱ្យដីខូចរចនាសម្ព័ន្ធ និងបាត់បង់សមត្ថភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។
  • សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA – ចំការដូង)៖ តាមរយៈការពិសោធន៍លើការប្រើប្រាស់បាក់តេរី និងផ្សិតល្អៗ (ដូចជា ផ្សិតទ្រីកូដឺម៉ា ជាដើម) បានបង្ហាញថា ដីដែលសម្បូរទៅដោយមីក្រូសារពាង្គកាយមានប្រយោជន៍ អាចជួយកាត់បន្ថយការកើតជំងឺរលួយឫស​លើដំណាំបន្លែ និងឈើហូបផ្លែបានរហូតដល់ទៅ ៤០% ទៅ ៦០% ធៀបនឹងដីដែលប្រើតែជីគីមីសុទ្ធ។

ចិញ្ចឹមដីមុន ចិញ្ចឹមដើមក្រោយ

បងប្អូនកសិករឆ្លាតវៃត្រូវចងចាំថា​ការធ្វើកសិកម្មប្រកបដោយនិរន្តរភាព មិនមែនជាការយកជីទៅស្រោចស្រពតែលើដើមរុក្ខជាតិនោះទេ ប៉ុន្តែគឺការចិញ្ចឹមដីឱ្យមាន​ជីវិត​ជាមុនសិន។

នៅពេលបងប្អូនដាក់ជីកំប៉ុស្ត ជីលាមកសត្វដែលផ្អាប់ត្រឹមត្រូវ និងកាត់បន្ថយការប្រើថ្នាំពុលគីមីលើដី នោះបងប្អូនកំពុងតែផ្តល់អាហារដល់កងទ័ពមីក្រូសារពាង្គកាយទាំងនេះហើយ។ នៅពេលពួកវាមានកម្លាំង ពួកវានឹងជួយកែច្នៃដីចម្ការរបស់បងប្អូនឱ្យក្លាយជាម៉ាស៊ីនផលិតទិន្នផលមាសរាប់ឆ្នាំទៅមុខទៀត៕

ដោយ៖ ចាន់ តារា
ប្រភព៖ FAO / NIH