ជីវសាស្ត្រ​ដី​កម្លាំង​ចលករ​ជំរុញ​​សុខភាព​ដំណាំ​

ដំណាំដែលមានសុខភាពល្អ និងផ្តល់ទិន្នផលខ្ពស់ មិនមែនពឹងផ្អែកតែលើការបាចជីតែមួយមុខនោះទេ ប៉ុន្តែវាត្រូវការប្រព័ន្ធអេកូឡូស៊ីក្រោមដីដ៏រស់រវើកមួយ។ នៅជុំវិញឫសដំណាំរាល់ថ្ងៃ មានមីក្រូសារពាង្គកាយល្អៗរាប់ពាន់លានក្បាល កំពុងធ្វើការយ៉ាងសកម្មដើម្បីកែលម្អលទ្ធភាពស្រូបយកជីជាតិ ពង្រឹងការលូតលាស់របស់ឫស និងកសាងដីឱ្យមានសុខភាពល្អ។ ដីដែលមានសុខភាពល្អ គឺពោរពេញទៅដោយជីវិត មិនមែនជាកម្ទេចដីអសកម្មនោះឡើយ។

១. តើមានអ្វីកើតឡើងខ្លះនៅក្រោមផ្ទៃដី?

នៅក្រោមដី មានសកម្មភាពអស្ចារ្យជាច្រើនដែលមើលមិនឃើញនឹងភ្នែក៖

  • ផ្សិតមីកូរីស (Mycorrhizal Fungi)៖ ពួកវា​ជា​ផ្សិត​ឫសរុក្ខជាតិ បង្កើតជាបណ្តាញសរសៃសំបុកធម្មជាតិជុំវិញឫស ដើម្បីជួយពង្រីកវិសាលភាពឫសឱ្យចាក់ទៅកាន់តែឆ្ងាយ ក្នុងការបឺតស្រូបយកទឹក និងសារធាតុចិញ្ចឹមបានកាន់តែច្រើន ជាពិសេសគឺជាតិផូស្វ័រ។
  • ការស្រូបយកជីជាតិ និងទឹកកាន់តែពូកែ៖ មេរោគល្អៗជួយគាំទ្រឱ្យឫសដំណាំស្រូបយកសារធាតុចិញ្ចឹមចាំបាច់ និងសំណើមបានយ៉ាងមានប្រសិទ្ធភាព ដែលជួយឱ្យរុក្ខជាតិធន់នឹងគ្រោះរាំងស្ងួត និងភាពតានតឹងអាកាសធាតុ។
  • ការចាប់យកជាតិអាសូត៖ បាក់តេរីល្អៗជួយបំប្លែងជាតិអាសូតពីក្នុងខ្យល់ ឱ្យទៅជាទម្រង់ជីជាតិដែលរុក្ខជាតិអាចបឺតស៊ីបាន ជួយកាត់បន្ថយការពឹងផ្អែកលើជីអាសូតគីមីសំយោគ។
  • ថ្នាំងឫស៖ ចំពោះដំណាំអម្បូរសណ្តែក ថ្នាំងឫសគឺជាផ្ទះផ្ទុកបាក់តេរីចាប់ជាតិអាសូត ដែលជួយបំប៉នដីឱ្យមានជីជាតិឡើងវិញតាមែបធម្មជាតិ។
  • ការកកើតមមោកដី ៖ សារធាតុសរីរាង្គត្រូវបានបំប្លែងទៅជាមមោកដី ដែលជួយបង្កើនជីជាតិដី រក្សាសំណើម និងផ្តល់ផលិតភាពដាំដុះរយៈពេលវែង។
  • ការរំលាយកាកសំណល់ និងវដ្តសារធាតុចិញ្ចឹម៖ មីក្រូសារពាង្គកាយដីជួយបំបែកកាកសំណល់ដំណាំ និងវត្ថុធាតុសរីរាង្គផ្សេងៗ ដើម្បីកែច្នៃសារធាតុចិញ្ចឹមទាំងនោះវិលត្រឡប់ទៅក្នុងដីវិញជាបន្តបន្ទាប់។
  • ការរំលាយជីវជាតិជាប់គាំង (P, K និងអតិសុខុមប្រាណ)៖ មេរោគល្អៗជួយដោះលែងជាតិផូស្វ័រ ប៉ូតាស្យូម ស័ង្កសី និងសារធាតុផ្សេងទៀតដែលកកស្ទះនៅក្នុងដី ឱ្យរលាយក្លាយជាអាហារដែលអាចស្រូបយកបាន។
  • ការចងភ្ជាប់ និងរចនាសម្ព័ន្ធដី៖ សកម្មភាពរបស់មេរោគល្អៗជួយចងភ្ជាប់ភាគល្អិតដីឱ្យទៅជាដុំដីមានលំនឹង ជួយឱ្យដីមានខ្យល់ស្រឡះ ជក់ទឹកបានល្អ ឫសចាក់ចុះងាយ និងធន់នឹងការហូរច្រោះ។

២. ហេតុអ្វីបានជាដីមានសុខភាពល្អជារឿងសំខាន់?

នៅពេលជីវសាស្ត្រដីត្រូវបានការពារ និងថែទាំ វានឹងផ្តល់ផលចំណេញយ៉ាងច្រើនដល់ចម្ការ៖

  • ប្រព័ន្ធឫសដុះលូតលាស់កាន់តែរឹងមាំ
  • ប្រសិទ្ធភាពនៃការប្រើប្រាស់ជីជាតិកាន់តែខ្ពស់ (មិនខ្ជះខ្ជាយជី)
  • ដំណាំធន់នឹងគ្រោះរាំងស្ងួតបានកាន់តែប្រសើរ
  • បង្កើនកម្រិតជីជាតិរបស់ដីដោយស្វ័យប្រវត្តិ
  • កាត់បន្ថយការបាត់បង់ ឬហួតហូរចោលនៃសារធាតុចិញ្ចឹម
  • ធ្វើកសិកម្មប្រកបដោយនិរន្តរភាព និងទទួលបានប្រាក់ចំណេញខ្ពស់

អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិបានសង្កត់ធ្ងន់ថាជីវសាស្ត្រដី គឺជាម៉ាស៊ីនពិតប្រាកដដែលជំរុញ​វដ្តសារធាតុចិញ្ចឹមរបស់ភពផែនដី។ ការធ្វើកសិកម្មដែលបំផ្លាញមីក្រូសារពាង្គកាយក្នុងដី តាមរយៈការភ្ជួររាស់ខ្លាំងពេក និងការប្រើប្រាស់គីមីហួសកម្រិត នឹងធ្វើឱ្យដីក្លាយជាដីងាប់ ដែលទាមទារឱ្យមានការស្តារឡើងវិញតាមរយៈការបន្ថែមសារធាតុសរីរាង្គ និងការកាត់បន្ថយការរំខានដី។

វិទ្យាស្ថានស្រាវជ្រាវកសិកម្មអន្តរជាតិលើសុខភាពដី តាមរយៈការសិក្សាបានបង្ហាញថាបណ្តាញ​ផ្សិតមីកូរីស និងបាក់តេរីរំលាយសារធាតុចិញ្ចឹម អាចជួយឱ្យរុក្ខជាតិបង្កើនសមត្ថភាពស្រូបយកជាតិទឹកបានរហូតដល់ទ្វេដងនៅរដូវប្រាំង។ ដីដែលមានសកម្មភាពជីវសាស្ត្រខ្ពស់ មិនត្រឹម​តែជួយឱ្យដំណាំលូតលាស់ល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតរចនាសម្ព័ន្ធដីរឹងមាំ ការពារសំណឹកដីពីទឹកភ្លៀងបានយ៉ាងមានប្រសិទ្ធភាព»។

ដើម្បីការពារជីវសាស្ត្រដីឱ្យនៅរស់រវើក បងប្អូនកសិករគួរអនុវត្តវិធីសាស្ត្រងាយៗដូចជា ការបន្ថែមសារធាតុសរីរាង្គ (ជីកំប៉ុស្ត) ការកាត់បន្ថយការភ្ជួររាស់ដីញឹកញាប់ ការដាំដំណាំគ្របដី និងការប្រើប្រាស់មេរោគល្អៗបន្ថែម។ ការធ្វើបែបនេះ នឹងនាំមកនូវដំណាំដែលមានសុខភាពល្អ និងទិន្នផលកាន់តែប្រសើរសម្រាប់ថ្ងៃអនាគត៕

ដោយ៖ ចាន់ តារា
ប្រភព៖ Gulab orchard shilaroo/ FAO