ហេតុអ្វី​ដំណាំ​ក្រៀម​ចុង​ស្លឹក​?​ស្វែង​យល់​ពី​សញ្ញា​ព្រមាន​​និង​ដំណោះ​ស្រាយ​

ការឃើញចុងស្លឹកដំណាំចាប់ផ្ដើមក្រៀម ឬប្រែជាពណ៌ត្នោត គឺជាសញ្ញាព្រមានដំបូងបំផុតដែលបង្ហាញថាដំណាំរបស់បងប្អូនកំពុងស្ថិតក្នុងភាពតានតឹងឬស្ត្រេស​។ ប្រសិនបើយើងមិនយកចិត្តទុកដាក់ទាន់ពេលវេលាទេ វានឹងធ្វើឱ្យដំណាំលូតលាស់យឺត ឫសចុះខ្សោយ និងកាត់បន្ថយទិន្នផលយ៉ាងច្រើន​។

មូលហេតុចម្បងនៃបញ្ហា

  • ការប្រើជីច្រើនលើសកម្រិត (ការប្រមូលផ្ដុំជាតិអំបិល)៖ ការដាក់ជីច្រើនពេកធ្វើឱ្យជាតិអំបិលកកកុញក្នុងដី ដែលវាទៅដុតគែមឬចុង​ស្លឹក និងធ្វើឱ្យឫសខូចខាត។
  • កង្វះអាសូត៖ នៅពេលខ្វះអាសូត ស្លឹកចាស់ៗនឹងប្រែជាពណ៌ស្លេក ឬលឿង រួមជាមួយការលូតលាស់យឺត និងដំណាំមើលទៅខ្សោយ។
  • កង្វះជាតិដែក៖ ភាពមិនមានតុល្យភាពនៃសារធាតុចិញ្ចឹម ឬការបឺតស្រូបមិនបានល្អ អាចធ្វើឱ្យគែមស្លឹកឡើងពណ៌ត្នោត។
  • ប្រព័ន្ធបង្ហូរទឹកមិនល្អ៖ ដីដែលជាំទឹកខ្លាំងធ្វើឱ្យឫសមិនអាចដកដង្ហើមបាន ដែលបង្កជាភាពតានតឹង និងការខូចខាតដល់ស្លឹក។

វិធីសាស្រ្តកែលម្អដើម្បីឱ្យដំណាំមានសុខភាពល្អ

ដើម្បីឱ្យដំណាំត្រលប់មកមានពណ៌បៃតងស្រស់ល្អ​វិញ បងប្អូនគួរអនុវត្តដូចខាងក្រោម៖

  • លាងសម្អាតដី៖ ប្រើទឹកស្អាតស្រោចស្រព​លើដី​ដើម្បីលាងជម្រះជាតិអំបិលដែលលើសចេញពីដី។
  • គ្រប់គ្រងជីឱ្យបានត្រឹមត្រូវ៖ កាត់បន្ថយបរិមាណជី និងចៀសវាងការដាក់ជីច្រើនពេក។
  • កែលម្អប្រព័ន្ធបង្ហូរទឹក៖ ត្រូវធានាថាដីមានប្រព័ន្ធបង្ហូរទឹកល្អ ដើម្បីរក្សាសុខភាពឫស។
  • រក្សាតុល្យភាពទឹក៖ តាមដានការស្រោចទឹកឱ្យបានទៀងទាត់ ដោយចៀសវាងទាំងការស្រោចទឹកច្រើនពេក និងការទុកឱ្យដីស្ងួតខ្លាំង។

ការរក្សាតុល្យភាពសំណើម និងជីវជាតិដី គឺជាគោលការណ៍ដែលស្ថាប័នកសិកម្មពិភពលោកតែងតែណែនាំ​។ អង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) ​បាន​លើក​ឡើង​ ថា ការគ្រប់គ្រងគុណភាពដី និងការប្រើប្រាស់សារធាតុចិញ្ចឹមឱ្យមានតុល្យភាព គឺជាកត្តាគន្លឹះដើម្បីជៀសវាងភាពតានតឹងលើ​ដំណាំ ដែលជាមូលហេតុចម្បងធ្វើឱ្យស្លឹកក្រៀម និងខូចខាត​។ ការវិភាគដីឱ្យបានត្រឹមត្រូវមុននឹងដាក់ជី គឺជាវិធីសាស្ត្រតែមួយគត់ដើម្បីទប់ស្កាត់ការលើសជាតិជី។

ចំណែក​សេវាកម្មស្រាវជ្រាវកសិកម្មនៃក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA-ARS) បានបញ្ជាក់ថា សុខភាពរបស់ឫសដំណាំ​មានទំនាក់ទំនងផ្ទាល់ទៅនឹងការបញ្ចេញសញ្ញានៅលើស្លឹក​។ ឫសដែលរឹងមាំ និងដីដែលមានការបង្ហូរទឹកចេញ​បាន​ល្អ នឹង​អាច​ធ្វើ​ឱ្យដំណាំស្រូបយកសារធាតុចិញ្ចឹមបានប្រសើរជាងមុន ដែលជួយការពារបញ្ហាក្រៀមចុងស្លឹកបានយ៉ាងមានប្រសិទ្ធភាព។

ឫសរឹងមាំ​នាំ​ឲ្យ​ដំណាំមានសុខភាពល្អ។ សូម​ថែរក្សាដី សារធាតុចិញ្ចឹម និងកាលវិភាគស្រោចទឹកឱ្យបានត្រឹមត្រូវ ដើម្បីឱ្យដំណាំរបស់បងប្អូនលូតលាស់បានពេញលេញ និងមានផលិតភាពខ្ពស់៕

ដោយ៖ ចាន់ តារា
ប្រភព៖ FAO / Gulab orchard shilaroo / USDA