ដាក់​ជី​ច្រើន​ហើយ​ហេតុអ្វីដំណាំមិនលូតលាស់ទៀត?

បងប្អូនកសិករ​ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាយើងខំចំណាយលុយទិញជីគីមីថ្លៃៗមកដាក់តាមបច្ចេកទេសអស់ហើយ តែដំណាំនៅតែក្រិន ស្លឹកលឿងក្រហមច្រេះ ហើយមិនព្រមលូតលាស់សោះ?

បញ្ហានេះ ភាគច្រើនមិនមែនមកពី​ជីមិនល្អ​នោះទេ តែវាអាចមកពី បញ្ហា​នៅ​ក្នុងដី​ដែលរារាំងមិនឱ្យដំណាំស៊ីជីបាន។ ថ្ងៃនេះ កសិ សូមពន្យល់ពីបញ្ហា ដីជូរ និងដី​លើសជាតិដែក ដែលជាសត្រូវស្ងប់ស្ងាត់ក្នុងចម្ការរបស់បងប្អូន។

តើដំណាំបងប្អូនកំពុងពុលជាតិដែកមែនទេ​?

នៅពេលដីមានជាតិអាស៊ីតខ្ពស់ ជាតិដែកដែលមានស្រាប់ក្នុងដីនឹងរលាយខ្លាំងរហូតក្លាយជាជាតិពុល។ បងប្អូនអាចសង្កេតមើលសញ្ញាដូចខាងក្រោម៖

  • ស្លឹកចាស់៖ ចាប់ផ្តើមមានអុចៗពណ៌ត្នោតតូចៗ ឬឡើងពណ៌ក្រហមច្រេះ ចេញពីចុងស្លឹកមក (ស្លឹកមើលទៅដូចរលាកថ្ងៃ ឬឡើងច្រេះ)។
  • ឫសដំណាំ៖ ឫសមិនសរលោងទេ គឺឡើងពណ៌ក្រហមត្នោត ក្រិន និងខ្លី ដែលធ្វើឱ្យវាមិនអាចបឺតស្រូបទឹក និងជីបានទាល់តែសោះ។
  • ការលូតលាស់៖ ដំណាំនៅទ្រឹង មិនព្រមបែកមែកធាង ឬចេញត្រួយថ្មី បើទោះជាបងប្អូនបាញ់ថ្នាំបំប៉នស្លឹកបន្ថែមយ៉ាងណាក៏ដោយ។

ហេតុអ្វីបានជាដាក់ជីហើយ ដំណាំនៅតែមិនស៊ី?

យោងតាមគោលការណ៍កសិកម្ម សុខភាពដីត្រូវបានវាស់ស្ទង់ដោយកម្រិតpH។ នៅពេលដីរបស់បងប្អូនមានភាពជូរខ្លាំង (pH < ៥,៥) វានឹងបង្កផលប៉ះពាល់ខ្សែច្រវ៉ាក់​អាហាររបស់រុក្ខជាតិ​។

  • ជាតិដែកប្រែជាពុល៖ ជាតិដែករលាយខ្លាំងពេក ទៅបំផ្លាញកោសិកាឫស។
  • ខ្ទប់សារធាតុចិញ្ចឹម៖ ជាតិដែកលើសនេះ​នឹងទៅចាប់ខ្ទប់សារធាតុ ផូស្វ័រ (P) និង​កាល់ស្យូម (Ca) មិនឱ្យរលាយក្នុងទឹក។
  • លទ្ធផល៖ ទោះបងប្អូនដាក់ជី 15-15-15 ឬជីអ៊ុយរ៉េ ច្រើនយ៉ាងណាក៏ដោយ ក៏សារធាតុទាំងនោះត្រូវបានគាំង​ជាប់ក្នុងដី រុក្ខជាតិបានត្រឹមតែមើល​តែស៊ីមិនបានឡើយ។

វិធីសាស្ត្រព្យាបាលដី​ឱ្យមានសុខភាពល្អវិញ

កុំអាលអស់សង្ឃឹម បងប្អូនអាចកែខៃដីចម្ការឱ្យមានជីជាតិឡើងវិញបាន តាមរយៈវិធីសាស្ត្របច្ចេកទេសទាំងនេះ៖

១. ប្រើកំបោរកសិកម្ម

នេះគឺជាវិធីសាស្ត្រលឿនបំផុត។ ការប្រើ កំបោរកសិកម្ម ឬកំបោរដូឡូមីត ជួយបង្កើនកម្រិត pH ដីឱ្យមកសភាពកណ្ដាលវិញ (pH ៦ – ៧)។ នៅពេលដីលែងជូរ ជាតិដែកនឹងឈប់រលាយជាជាតិពុល ហើយជីដែលបងប្អូនដាក់ទៅ នឹងចាប់ផ្ដើមរលាយឱ្យដំណាំស៊ីបានធម្មតា។

២. ជីកំប៉ុស្ត

ជីសរីរាង្គ ឬជីកំប៉ុស្ត មិនត្រឹមតែផ្ដល់ជីជាតិទេ តែវាដើរតួជាអ្នកបន្សាបជាតិពុល។ វានឹងទៅព័ទ្ធជុំវិញជាតិដែកមិនឱ្យទៅបំផ្លាញឫសផ្ទាល់ និងជួយឱ្យដីមាន​ដង្ហើម រន្ធខ្យល់ច្រើន។

៣. លើករងឱ្យខ្ពស់ និងបង្ហូរទឹក

ជាតិដែកពុលចូលចិត្តរស់នៅក្នុងដីដែលដក់ទឹក និងខ្វះខ្យល់អុកស៊ីសែន។ ការលើករងឱ្យខ្ពស់ និងធ្វើចង្អូរ​បង្ហូរទឹកឱ្យល្អ ជួយឱ្យខ្យល់ចូលក្នុងដីបានច្រើន ដែលជាវិធីសាស្ត្រធម្មជាតិក្នុងការកាត់បន្ថយឥទ្ធិពលជាតិដែក។

៤. ប្រុងប្រយ័ត្នរឿងប្រភពទឹក

ប្រសិនបើបងប្អូនប្រើទឹកអណ្តូងដែលមានក្លិនច្រេះ ឬទឹកឡើងពណ៌ក្រហមមកស្រោចដំណាំ នោះបងប្អូនកំពុងតែបន្ថែមជាតិដែកចូលក្នុងដីកាន់តែច្រើនហើយ។ បើអាច គួរដក់ទឹកនោះទុកក្នុងស្រះឱ្យរង ឬហើរជាតិហ្គាសចេញសិន មុននឹងយកមកស្រោច។

ការដាក់ជីលើដីជូរ ប្រៀបដូចជាការផ្ដល់អាហារដល់មនុស្សដែលកំពុងឈឺក្រពះអញ្ចឹង ទោះអាហារឆ្ងាញ់ក៏គាត់ហូបមិនចូលដែរ។ ដូច្នេះ មុននឹងសម្រេចចិត្តទិញជីបន្ថែម ត្រូវពិនិត្យសុខភាពដី (កម្រិតpH) ជាមុនសិន។

ដោយ៖ ចាន់ តារា
ប្រភព៖ MOSAIC / FAO