ការប្រើប្រាស់ជី N.P.K មិនមែនត្រឹមតែជាការបាចឱ្យតែបាននោះទេ ប៉ុន្តែវាគឺជាសិល្បៈនៃការផ្តល់ចំណីឱ្យចំពេលវេលា និងចំតម្រូវការរបស់រុក្ខជាតិ។ ដើម្បីឱ្យបងប្អូនទទួលបានទិន្នផលខ្ពស់បំផុត និងមិនខាតបង់ថវិកា នេះគឺជាការពន្យល់ខ្លះៗអំពីរបៀបប្រើប្រាស់ជី N.P.K តាមដំណាក់កាលនីមួយៗ។

តួនាទីរបស់សារធាតុនីមួយៗ (N, P, K)
មុននឹងឈានដល់ការប្រើប្រាស់ បងប្អូនត្រូវដឹងថាអក្សរទាំង ៣ នេះតំណាងឱ្យអ្វីខ្លះ៖
- អាសូត(N)៖ ជំនួយ «ស្លឹក និងដើម»។ វាជួយឱ្យដំណាំលូតលាស់លឿន បៃតងខ្ចី និងដើមរឹងមាំ។ ស័ក្តិសមបំផុតសម្រាប់បន្លែស្លឹក និងដំណាំក្នុងវគ្គលូតលាស់។
- ផូស្វ័រ(P)៖ ជំនួយ «ឫស និងការបន្តពូជ»។ វាជួយឱ្យឫសចាក់បានជ្រៅ ជួយក្នុងការផ្ដល់ថាមពល និងជំរុញការចេញផ្កា និងផ្លែ។
- ប៉ូតាស្យូម(K)៖ ជំនួយ «សុខភាពទូទៅ និងគុណភាព»។ វាជួយពង្រឹងភាពធន់នឹងជំងឺ គ្រប់គ្រងចរន្តទឹកក្នុងដើម និងធ្វើឱ្យផ្លែមានរសជាតិឆ្ងាញ់ ទម្ងន់ធ្ងន់ និងពណ៌ស្អាត។
បច្ចេកទេសប្រើប្រាស់តាម ៥ ដំណាក់កាលលូតលាស់
ដំណាក់កាលទី ១៖ មុនពេលដាំ (ការត្រៀមដី)
មុននឹងដាក់កូនដំណាំចូលក្នុងដី បងប្អូនត្រូវរៀបចំឃ្លាំងអាហារសម្រាប់ដំណាំឱ្យបានរួចរាល់។ នៅវគ្គនេះ ផូស្វ័រ (P) គឺសំខាន់បំផុត ព្រោះវាពិបាករលាយ និងហូរចូលក្នុងដីជាងអាសូត និងប៉ូតាស្យូម។
- រូបមន្តជីដែលណែនាំ៖ ប្រភេទដែលមានផូស្វ័រខ្ពស់ ដូចជា១០-២៦-១០ ឬស្រដៀងនេះ។
- ពេលវេលា៖ ដាក់មុនពេលដាំពី ២ ទៅ ៤ សប្តាហ៍ ដើម្បីឱ្យជីរលាយចូលក្នុងដីបានល្អ។
ដំណាក់កាលទី ២៖ ដំណាក់កាលលូតលាស់ដំបូង
នៅពេលកូនដំណាំចាប់ផ្ដើមដុះស្លឹកថ្មី ពួកវាត្រូវការអាសូត (N) ច្រើនបំផុត ដើម្បីបង្កើនល្បឿននៃការលូតលាស់ដើម និងស្លឹកឱ្យខៀវស្រងាត់។
- រូបមន្តជីដែលណែនាំ៖ ជីដែលមានអាសូតខ្ពស់ ឬជីស្មើ ដូចជា២០-១០-១០ ឬ២០-២០-២០។
- ពេលវេលា៖ ដាក់នៅដើមរដូវដាំដុះ ឬភ្លាមៗក្រោយពេលកូនដំណាំចាប់ផ្ដើមបែកស្លឹកដំបូង។
ដំណាក់កាលទី ៣៖ វគ្គចេញផ្កា និងផ្លែ
នៅពេលដំណាំចាប់ផ្ដើមមានពន្លកផ្កា ពួកវាត្រូវការផូស្វ័រ (P) និងប៉ូតាស្យូម (K) ច្រើន ដើម្បីជួយដល់ការបង្កើតផ្កាឱ្យជាប់ល្អ និងជួយឱ្យផ្លែដុះលូតលាស់មានគុណភាព។
- រូបមន្តជីដែលណែនាំ៖ ជីដែលមាន P និងK ខ្ពស់ ដូចជា១០-៥២-១០ (សម្រាប់ជំរុញផ្កា) ឬ ១០-២០-២០ និង៥-១០-១០។
- ពេលវេលា៖ ចាប់ផ្ដើមដាក់នៅពេលឃើញរុក្ខជាតិចាប់ផ្ដើមជិតចេញផ្កា ឬពេលផ្លែកំពុងកកើត។
ដំណាក់កាលទី ៤៖ ចុងរដូវលូតលាស់
នៅពេលជិតដល់ពេលប្រមូលផល បងប្អូនគួរកាត់បន្ថយអាសូត (N) ដើម្បីកុំឱ្យដំណាំបន្តបែកស្លឹកដែលនាំឱ្យខាតបង់ថាមពល និងងាយរងគ្រោះដោយជំងឺ។ ផ្ទុយទៅវិញ ត្រូវបង្កើនប៉ូតាស្យូម (K) ដើម្បីពង្រឹងភាពធន់ និងគុណភាពផល។
- រូបមន្តជីដែលណែនាំ៖ ជីដែលមាន N ទាប និង K ខ្ពស់ ដូចជា៥-១០-២០ ជាដើម។
- ពេលវេលា៖ ចុងរដូវកាល មុនពេលប្រមូលផល។
ដំណាក់កាលទី ៥៖ ក្រោយពេលប្រមូលផល (ការថែទាំដី)
ក្រោយពេលប្រមូលផល ដីនឹងអស់ជាតិជី។ បងប្អូនត្រូវដាក់ជីបំពេញបន្ថែម ដើម្បីត្រៀមសម្រាប់រដូវកាលក្រោយ។
- រូបមន្តជីដែលណែនាំ៖ ប្រើប្រភេទជីស្មើ ដូចជា១៥-១៥-១៥ ឬ២០-២០-២០ ដើម្បីស្ដារតុល្យភាពដី។
- ពេលវេលា៖ ដាក់ភ្លាមៗក្រោយពេលប្រមូលផលរួច។

គន្លឹះបន្ថែមពីអ្នកជំនាញដើម្បីប្រសិទ្ធភាពខ្ពស់
១. ពិនិត្យដីមុនដាក់ជី៖ ប្រសិនបើអាច បងប្អូនគួរវាស់ pH ដីសិន។ បើដីជូរពេក ដំណាំនឹងមិនអាចស្រូបយកជី N.P.K បានពេញលេញឡើយ។
២. បែងចែកការដាក់ជី៖ កុំដាក់ជីម្ដងទាំងអស់ក្នុងបរិមាណច្រើនពេក។ ការបែងចែកដាក់តិចៗ តែញឹកញាប់ជួយកាត់បន្ថយការបាត់បង់ជីតាមទឹកភ្លៀង ឬការភាយទៅក្នុងអាកាស។
៣. សំណើមដី៖ ត្រូវប្រាកដថាដីមានសំណើមគ្រប់គ្រាន់នៅពេលដាក់ជី ព្រោះទឹកគឺជាមធ្យោបាយដឹកជញ្ជូនជាតិជីទៅឱ្យឫស។
ចំណាំ៖ ការប្រើប្រាស់ជី N.P.K ឱ្យត្រូវតាមដំណាក់កាល មិនត្រឹមតែជួយឱ្យដំណាំលូតលាស់ល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយការពារបរិស្ថាន និងកាត់បន្ថយចំណាយដែលមិនចាំបាច់របស់បងប្អូនផងដែរ។
ដោយ៖ ចាន់ តារា
ប្រភព៖ RISSO-CHEMICAL / Hebei Sanyuanjiuqi Fertilizer
