គន្លឹះប្រើប្រាស់ជី N.P.K. តាមដំណាក់កាលលូតលាស់របស់ដំណាំ​

ការប្រើប្រាស់ជី N.P.K មិនមែនត្រឹមតែជាការបាចឱ្យតែបាននោះទេ ប៉ុន្តែវាគឺជាសិល្បៈនៃការផ្តល់ចំណីឱ្យចំពេលវេលា និងចំតម្រូវការរបស់រុក្ខជាតិ។ ដើម្បីឱ្យបងប្អូនទទួលបានទិន្នផលខ្ពស់បំផុត និងមិនខាតបង់ថវិកា នេះគឺជាការ​ពន្យល់​ខ្លះៗ​អំពីរបៀបប្រើប្រាស់ជី N.P.K តាមដំណាក់កាលនីមួយៗ។​

តួនាទីរបស់សារធាតុនីមួយៗ (N, P, K)

មុននឹងឈានដល់ការប្រើប្រាស់ បងប្អូនត្រូវដឹងថាអក្សរទាំង ៣ នេះតំណាងឱ្យអ្វីខ្លះ៖

  • អាសូត​(N)៖ ជំនួយ «ស្លឹក និងដើម»។ វាជួយឱ្យដំណាំលូតលាស់លឿន បៃតងខ្ចី និងដើមរឹងមាំ។ ស័ក្តិសមបំផុតសម្រាប់បន្លែស្លឹក និងដំណាំក្នុងវគ្គលូតលាស់។
  • ផូស្វ័រ(P)៖ ជំនួយ «ឫស និងការបន្តពូជ»។ វាជួយឱ្យឫសចាក់បានជ្រៅ ជួយក្នុងការផ្ដល់ថាមពល និងជំរុញការចេញផ្កា និងផ្លែ។
  • ប៉ូតាស្យូម(K)៖ ជំនួយ «សុខភាពទូទៅ និងគុណភាព»។ វាជួយពង្រឹងភាពធន់នឹងជំងឺ គ្រប់គ្រងចរន្តទឹកក្នុងដើម និងធ្វើឱ្យផ្លែមានរសជាតិឆ្ងាញ់ ទម្ងន់ធ្ងន់ និងពណ៌ស្អាត។

បច្ចេកទេសប្រើប្រាស់តាម ៥ ដំណាក់កាលលូតលាស់

ដំណាក់កាលទី ១៖ មុនពេលដាំ (ការត្រៀមដី)

មុននឹងដាក់កូនដំណាំចូលក្នុងដី បងប្អូនត្រូវរៀបចំ​ឃ្លាំងអាហារ​សម្រាប់​ដំណាំ​ឱ្យបានរួចរាល់។ នៅវគ្គនេះ ផូស្វ័រ (P) គឺសំខាន់បំផុត ព្រោះវាពិបាករលាយ និងហូរចូលក្នុងដីជាងអាសូត និងប៉ូតាស្យូម។

  • រូបមន្តជីដែលណែនាំ៖ ប្រភេទដែលមានផូស្វ័រខ្ពស់ ដូចជា១០-២៦-១០ ឬស្រដៀងនេះ។
  • ពេលវេលា៖ ដាក់មុនពេលដាំពី ២ ទៅ ៤ សប្តាហ៍ ដើម្បីឱ្យជីរលាយចូលក្នុងដីបានល្អ។

ដំណាក់កាលទី ២៖ ដំណាក់កាលលូតលាស់ដំបូង

នៅពេលកូនដំណាំចាប់ផ្ដើមដុះស្លឹកថ្មី ពួកវាត្រូវការអាសូត (N) ច្រើនបំផុត ដើម្បីបង្កើនល្បឿននៃការលូតលាស់ដើម និងស្លឹកឱ្យខៀវស្រងាត់។

  • រូបមន្តជីដែលណែនាំ៖ ជីដែលមានអាសូតខ្ពស់ ឬជីស្មើ ដូចជា២០-១០-១០ ឬ២០-២០-២០។
  • ពេលវេលា៖ ដាក់នៅដើមរដូវដាំដុះ ឬភ្លាមៗក្រោយពេលកូនដំណាំចាប់ផ្ដើមបែកស្លឹកដំបូង។

ដំណាក់កាលទី ៣៖ វគ្គចេញផ្កា និងផ្លែ

នៅពេលដំណាំចាប់ផ្ដើមមានពន្លកផ្កា ពួកវាត្រូវការផូស្វ័រ (P) និងប៉ូតាស្យូម (K) ច្រើន ដើម្បីជួយដល់ការបង្កើតផ្កាឱ្យជាប់ល្អ និងជួយឱ្យផ្លែដុះលូតលាស់មានគុណភាព។

  • រូបមន្តជីដែលណែនាំ៖ ជីដែលមាន P និងK ខ្ពស់ ដូចជា​១០-៥២-១០ (សម្រាប់ជំរុញផ្កា) ឬ ១០-២០-២០ និង៥-១០-១០។
  • ពេលវេលា៖ ចាប់ផ្ដើមដាក់នៅពេលឃើញរុក្ខជាតិចាប់ផ្ដើមជិតចេញផ្កា ឬពេលផ្លែកំពុងកកើត​។

ដំណាក់កាលទី ៤៖ ចុងរដូវលូតលាស់

នៅពេលជិតដល់ពេលប្រមូលផល បងប្អូនគួរកាត់បន្ថយអាសូត (N) ដើម្បីកុំឱ្យដំណាំបន្តបែកស្លឹកដែលនាំឱ្យខាតបង់ថាមពល និងងាយរងគ្រោះដោយជំងឺ។ ផ្ទុយទៅវិញ ត្រូវបង្កើនប៉ូតាស្យូម (K) ដើម្បីពង្រឹងភាពធន់ និងគុណភាពផល។

  • រូបមន្តជីដែលណែនាំ៖ ជីដែលមាន N ទាប និង K ខ្ពស់ ដូចជា៥-១០-២០ ជាដើម​។
  • ពេលវេលា៖ ចុងរដូវកាល មុនពេលប្រមូលផល។

ដំណាក់កាលទី ៥៖ ក្រោយពេលប្រមូលផល (ការថែទាំដី)

ក្រោយពេលប្រមូលផល ដីនឹងអស់ជាតិជី។ បងប្អូនត្រូវដាក់ជីបំពេញបន្ថែម ដើម្បីត្រៀមសម្រាប់រដូវកាលក្រោយ។

  • រូបមន្តជីដែលណែនាំ៖ ប្រើប្រភេទជីស្មើ ដូចជា១៥-១៥-១៥ ឬ២០-២០-២០ ដើម្បីស្ដារតុល្យភាពដី។
  • ពេលវេលា៖ ដាក់ភ្លាមៗក្រោយពេលប្រមូលផលរួច។

គន្លឹះបន្ថែមពីអ្នកជំនាញដើម្បីប្រសិទ្ធភាពខ្ពស់

១. ពិនិត្យដីមុនដាក់ជី៖ ប្រសិនបើអាច បងប្អូនគួរវាស់ pH ដីសិន។ បើដីជូរពេក ដំណាំនឹងមិនអាចស្រូបយកជី N.P.K បានពេញលេញឡើយ។

២. បែងចែកការដាក់ជី៖ កុំដាក់ជីម្ដងទាំងអស់ក្នុងបរិមាណច្រើនពេក។ ការបែងចែកដាក់តិចៗ តែញឹកញាប់​ជួយកាត់បន្ថយការបាត់បង់ជីតាមទឹកភ្លៀង ឬការភាយទៅក្នុងអាកាស។

៣. សំណើមដី៖ ត្រូវប្រាកដថាដីមានសំណើមគ្រប់គ្រាន់នៅពេលដាក់ជី ព្រោះទឹកគឺជាមធ្យោបាយ​ដឹកជញ្ជូនជាតិជីទៅឱ្យឫស។

ចំណាំ៖ ការប្រើប្រាស់ជី N.P.K ឱ្យត្រូវតាមដំណាក់កាល មិនត្រឹមតែជួយឱ្យដំណាំលូតលាស់ល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយការពារបរិស្ថាន និងកាត់បន្ថយចំណាយដែលមិនចាំបាច់របស់បងប្អូនផងដែរ។

ដោយ៖ ចាន់ តារា
ប្រភព៖ RISSO-CHEMICAL / Hebei Sanyuanjiuqi Fertilizer